(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាស់តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ បានជួបសវនាការជាមួយនឹង គណៈប្រតិភូនាយកសាកលវិទ្យាល័យការពារជាតិ នៃសហព័ន្ធរុស្ស៉ី ដឹកនាំដោយឧត្តមសេនីយ៍ឯក អ៊ីហ្គោ វីកតូរ៉ូវីក មីសសាត់គីន (Igor Vichtorivich MISHUTKIN) ព្រមទាំងសហការី នៅសាកលវិទ្យាល័យការពារជាតិ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា បានជម្រាបជូនភ្ញៀវអំពីជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញេលេញ លើផ្ទៃប្រទេស។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី សន្តិភាពនិងការអភិវឌ្ឍរីកចម្រើន ឈានឡើងគ្រប់វិស័យ ទទួលបានលទ្ធផលត្រចះត្រចង់។
នាយឧត្តមសេនីយ៍ បានលើកឡើងអបអរលទ្ធផលជាផ្លែផ្កា នៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែល្អរវាង កម្ពុជា-សហព័ន្ធរុស្សី ជាពិសេសរវាងសាកលវិទ្យាល័យការពារជាតិទាំងពីរ។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិទាំងពីរ បានយល់ព្រមរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ ឲ្យបានរឹងមាំនាពេលបច្ចុប្បន្ន និងអនាគត។ ក្នុងនោះសាកលវិទ្យាល័យការពារជាតិកម្ពុជា អនុវត្តគោលការណ៍របស់ក្រសួងការពារជាតិ ទទួលយកនិស្សិតនាយទាហាន រុស្សី៥រូប មកសិក្សាភាសាខ្មែរ។
ភាគីរុស្ស៉ី ផ្តល់ជូនគ្រូភាសាមកបង្រៀនភាសារុស្ស៉ី នៅសាកលវិទ្យាល័ការពារជាតិកម្ពុជា និងផ្តល់ឯកសារសម្ភារៈមួយចំនួន ដែលបម្រើឲ្យកម្មវិធីសិក្សា។ ភាគីរុស្ស៉ី មានសេចក្តីសប្បាយរីករាយ និងសាទរជាខ្លាំង លើកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យការពារជាតិទាំងពីរ និងឈានទៅចុះអនុស្សារណៈនៃការយោគយល់ (MOU) នាពេលឆាប់ខាងមុខនេះ។
នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងអនុវត្តន៍តួនាទីបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់និស្សិតសិក្ខាកាម ជានាយទាហានតាមគោលការណ៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិ របស់ប្រជាជន» ដើម្បីសម្រេចគោលដៅ កសាងពង្រឹងសាកលវិទ្យាល័យការពារជាតិ តាមគោលសំខាន់២គឺ រួមមាន៖
ទី១៖ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ។
ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសគោលជំហរទស្សនៈ នយោបាយការពារជាតិចំទិស មានន័យថា បណ្តុះនិស្សិតនាយទាហានឲ្យរៀនពូកែ មានសញ្ញាបត្រ ក្លាយជាកងទ័ពម្នាក់ មានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារ ជាតិមាតុភូមិ ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល ព្រមទាំងឱ្យក្លាយជា កម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារ គោរព ជឿជាក់លើការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី។
ជាទីបញ្ចប់នៃជំនួបការងារនេះ ភាគីទាំងពីរបានប្រគល់វត្ថុអនុស្សាវរីយ៍ ជាចំណងមិត្តភាព យ៉ាងរឹងមាំ នាពេលបច្ចុប្បន្ន និងអនាគតផងដែរ៕