(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ខ្លួនទើបតែបានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៧ ដើម្បីវិនិយោគលើគម្រោងបើករោងចក្រ សណ្ឋាគារ និងកសិដ្ឋានចំនួន៧គ្រោងថ្មីទៀត ដែលសរុបទុនវិនិយោគមានជាង៨០លានដុល្លារអាមេរិក បង្កើតការងារថ្មីជូនប្រជាជនខ្មែរជាង២ពាន់កន្លែង។
គម្រោងដែលត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា របស់ CDC សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ទាំងនោះរួមមាន៖
១៖ ក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD៖ គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ៤៣.៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១,១៤០កន្លែង។
២៖ ក្រុមហ៊ុន TJN PROPERTIES CO.,LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន២៣០បន្ទប់ និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣១៥កន្លែង។
៣៖ ក្រុមហ៊ុន ASIAN DI YI DIAN LAN CO.,LTD: គម្រោងបង្កើតរោងចក្រផលិតខ្សែអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងរការ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៣៣កន្លែង។
៤៖ ក្រុមហ៊ុន GRAND PRODUCTION CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.៤២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៤៩កន្លែង។
៥៖ក្រុមហ៊ុន CREDSTAR WASHING & PROCESSING CO.,LTD: គម្រោងបង្កើតរោងចក្របោកគក់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៨៤កន្លែង។
៦៖ ក្រុមហ៊ុន PCAM BEVERAGE CO.,LTD: គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈ និងទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌព្រែកព្នៅ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១.៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤២០កន្លែង។
៧៖ ក្រុមហ៊ុន Y SENG CO.,LTD: គម្រោងបង្កើតរោងចក្រផលិតបារី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣១២កន្លែង (គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពឱ្យធ្វើការវិនិយោគ តែពុំមានការលើកទឹកចិត្ត)៕