(ស្វាយរៀង)៖ មន្ទីរបរិស្ថានខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលក្រុងបាវិត និងក្រុមហ៊ុនហាយប្រីដប្រមូលសំរាម បានចុះផ្សព្វផ្សាយ និងដឹកនាំក្រុមយុវជន កងកម្លាំង ធ្វើការសម្អាតបរិស្ថានបាញ់ទឹក សម្អាតផ្លូវជាតិលេខ១ ជិតព្រំដែនច្រកទ្វារអន្តរជាតិបាវិត និងរើសសំរាមតាមផ្លូវនានាផងដែរ។
សកម្មភាពនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងការយល់ដឹង ពីការធ្វើអនាម័យ សំអាតបរិស្ថាន និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោក ហែ សាន អនុប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង បានលើកឡើងថា ដើម្បីឲ្យការគ្រប់គ្រងសំរាម សំណល់រឹង-សំណល់រាវបានល្អ មន្ទីរមានការសហការជាមួយអាជ្ញធរដែនដី និងដៃគូពាក់ព័ន្ធនានា ជាទិសដៅ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ លើការគ្រប់គ្រងគុណភាពបរិស្ថានជាអាទិភាព ពីព្រោះការបំពុលបរិស្ថាន និងធ្វើឲ្យជួបប្រទះនូវបញ្ហាជាច្រើនដូចជា សុខភាព សេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម។
អាជ្ញាធរក្រុងបាវិត បានបញ្ជាក់ផងដែរថា គោលបំណងរបស់សាលាក្រុង គឺរៀបចំយុទ្ឋនាការនេះជាប្រចាំ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង ដែលអាចទាក់ទាញភ្ញៀវទេសចរ និងធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពល្អ។
សូមបញ្ជាក់ថា សព្វថ្ងៃសំរាមនៅក្រុងបាវិតក្នុង១ថ្ងៃ ប្រមាណពី១២០ ទៅ១៧០តោន ហើយក្នុងនោះក្រុមហ៊ុនហាយប្រីដ ប្រតិបត្តិការប្រមូលសំរាម ដោយមានរថយន្តដែលត្រូវដឹកសំរាម របស់ក្រុមហ៊ុនមាន១៩គ្រឿងនិងកម្មករ ប្រមាណជិត៥០នាក់។
កាលពីមុន ក្នុង១ថ្ងៃមានសំរាមតែ៧០ ទៅ៩០តោនប៉ុណ្ណោះ តែនៅឆ្នាំ២០១៨នេះ សំរាមកើនដល់ពី១២០ ទៅ១៧០តោនក្នុងមួយថ្ងៃ ដូច្នេះមានការកើនឡើងច្រើនជាងមុន ដោយសារកំណើនរបស់ប្រើប្រាស់ និងគ្រឿងហូបចុកតាមរោងចក្រ កាស៊ីណូ និងតាមផ្ទះប្រជាពលរដ្ឋកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ៕