(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធខួបលើកទី៦៥ នៃទិវាបុណ្យឯករាជជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៨ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូ យ៉ាងជោគជ័យរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង នៅបរិវេណមុខសាលាខេត្ត ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោកឧត្តមសនីយ៍ទោ ខាត់ ជន់ មេបញ្ជាការរងយោធភូមិភាគទី៥។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួម ជាង២ពាន់នាក់។
លោក ងួន រតនៈ បានអានសុន្ទរកថាទាំងស្រុង ដែលមានខ្លឹមសារថា ខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ទូទាំងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង
ដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ ក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។
ជាមួយគ្នានេះ ការរំលឹកខួបអនុស្សាវរីយ៏ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅពេលជាមួយ នឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាន នូវគុណូបការៈដ៏ថ្លៃថ្លារបស់ វីរយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃ ផ្សេងៗ ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព សន្តិភាព និងវិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្តថា ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយ សម្តែងគាវរវភក្តីភាព និងកតញ្ញូតាធ៌មដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបូជាអស់ព្រះកាយពល និងព្របញ្ញាញាណ ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះស្វេតច្ឆត្រ ព្រមទាំងព្រះវិញ្ញាណក្ខ័ន្ធ នៃព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ សូមជួយប្រោសព្រំគាំពារថែរក្សាព្រះអង្គ បានប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ នៃប្រជារាស្ត្រខ្មែរ គ្រប់ៗរូប តរៀងទៅ។
លោកសូមឲ្យស្មារតីនៃទិវាខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា ១៩៥៣ - ៩វិច្ឆិកា ២០១៨) ប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីកសាង អភិវឌ្ឍ និងការពារជាតិមាតុភូមិកម្ពុជាឲ្យសម្បូររុងរឿង៕