Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងអបអរសារទរខួបលើកទី១៤ នៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ

07-11-2018 11:07

(ព្រះវិហារ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សទូទាំងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យ ជាតិ៩វិច្ឆិកា និងផ្សារភ្ជាប់ជាមួយព្រះរាជពិធីខួបលើកទី១៤ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈរបស់យើង។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា ការប្រារព្ធពិធីនេះ ដើម្បីសំដែងនូវមនោសញ្ចេតនាសោមនស្សរីករាយ អបអរសារទរនៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ ក៏ដូចជាគោរពដឹងគុណនូវទិវាប្រវត្តិសាស្ត្រ ដែលកម្លាំងសាមគ្គី ជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញ នូវឯករាជ្យជាតិជូនជាតិមាតុភូមិ ពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច ដ៍ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរះក្សត្យ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

លោកអភិបាលខេត្ត បានបន្តទៀតថា សម្តេចព្រះនរោត្តមសីហនុ ព្រះអង្គជាបិតាសន្តិភាព ព្រះបិតាបង្រួបបង្រួម និងផ្សះផ្សារជាតិ ទ្រង់បានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ រកគន្លឹះដោះស្រាយបញ្ហាកម្ពុជា រហូតទទួលបានសុខសន្តិភាព រស់ក្រោមដំបូលឆ័ត្រតែមួយ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជា តែងតែដង្ហែរតាមព្រះរាជតំរិះ ដ៍ថ្លៃថ្លាជារៀងរហូតមក។ លោកបន្តថា ដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យសង្គមជាតិទាំងមូល មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

ជាមួយគ្នានោះ ខេត្តព្រះវិហារ បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ជួសជុលផ្លូវក្រាលគ្រួសក្រហម ស្ថាបនាផ្លូវបេតុងនៅទូទាំងខេត្ត ជួសជុលបណ្តាញខ្សែភ្លើងក្នុងទីរួមខេត្ត ស្ថាបនាបង្គោលភ្លើង បំភ្លឺផ្លូវសាធារណៈ ដែលជាហេតុធ្វើឲ្យកំណើនសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានានា មានការរីកដុះដាល ឆ្លើយតបនិងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកំសាន្ត ក្នុងខេត្តព្រះវិហារ។

ស្ថិតក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរអង្គភាពនានា បានដាក់កម្រងផ្កា អុជទៀនជ័យគោរពដឹងគុណ ចំពោះបុព្វបុរសយើង ដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងបានចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិផងដែរ៕