(ភ្នំពេញ)៖ របាយការណ៍ពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក របស់ការិយាល័យស្ថិតិ នៃក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៩ខែដំបូង ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានចំនួន៣១៨៦.៤លានដុល្លារ កើនឡើង៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
របាយការណ៍ដដែលបង្ហាញថា រយៈពេលខែ៩ ចាប់ពីខែមករា ដល់ខែកញ្ញា ការនាំចេញរបស់កម្ពុជាទៅអាមេរិក មានចំនួន២,៨៦៤.២លានដុល្លារកើនឡើង២៧ភាគរយ។ ខណៈដែលអាមេរិកនាំចេញមកកម្ពុជាវិញ មានចំនួន៣២២.២លានដុល្លារអាមេរិក កើតឡើង១២ភាគរយ។
សូមជម្រាបថា នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានជាង៣.៤ពាន់លានដុល្លារអាមេរិក ក្នុងកម្ពុជានាំចេញទៅអាមេរិកមានជាង៣ពាន់លានដុល្លារ ខណៈនាំចេញចូលមកម្ពុជាមានជាង៤០០លានដុល្លារ។ ផលិតដែលកម្ពុជានាំចេញទៅអាមេរិកភាគច្រើនជាងសម្លៀកបំពាក់ ខណៈកម្ពុជានាំចូលពីអាមេរិកវិញ ភាគច្រើនជាយានយន្ត គ្រឿងចក្រ និងគ្រឿងបរិក្ខាពេទ្យជាដើម។
ក្រសួងពាណិជ្ជកម្ម កាលពីខែមេសា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក របស់លោកប្រធាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល៣ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០ ដល់កម្ពុជា បន្ទាប់ពីកម្មវិធីនេះ បានបញ្ចប់កាលពីចុងឆ្នាំ២០១៧៕