(សៀមរាប)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការងារជួសជុល និងថែទាំផ្លូវថ្នល់ក្នុងខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលាខេត្តសៀមរាប ដោយមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្ត, តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងអាជ្ញាធរអប្សរា។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សារកនីតិវិធី ក្នុងការស្តារផ្លូវថ្នល់ដែលខូចខាតទ្រុឌទ្រោមដោយកត្តាផ្សេងៗ ពិសេសការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានាឲ្យការគ្រប់គ្រងផ្លូវថ្នល់មាន ប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងកំណើនប្រជាជន កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងខេត្តនេះ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យមន្ទីរ និងភាគីពាក់ព័ន្ធកែសម្រួលនីតិវិធីជួសជុលផ្លូវ ដើម្បីស្តារ កសាង និងជួសជុលថែទាំ បណ្តាញផ្លូវថ្នល់នានា ឲ្យបានល្អជាងមុន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត និងបានសំណូមពរឲ្យធ្វើរបាយការណ៍រួមមួយ ដាក់ជូនរាជរដ្ឋាភិបាលស្នើសុំថវិកា ប្រមាណ១៥លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវខ្នែងចំនួន៥២ខ្សែ តភ្ជាប់ផ្លូវជាតិលេខ៦ និងផ្លូវ១១ខ្សែទៀត ក្នុងខេត្តសៀមរាប ឲ្យបានឆាប់តាមដែលធ្វើទៅបាន។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងដាក់ឲ្យដំណើរការ Road Care App នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលជាគោលដៅមួយ ក្នុងចំណោមគោលដៅទាំងឡាយនៃផែនការ១០០ថ្ងៃ នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មីនេះ ដើម្បីប្រជាពលរដ្ឋអាចទាញយកកម្មវិធីនេះថតយករូបភាព ផ្លូវខូច ឬជង្ហុកសំបុកមាន់ ហើយបញ្ជូនរូបភាពនោះ ទៅកាន់មន្ត្រីពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់មកតាមរយៈរូបភាពនោះ មន្ត្រីពាក់ព័ន្ធអាចដឹងពីទីតាំងពិតប្រាកដ ហើយធ្វើការជួសជុល បានទាន់ពេលវេលា ដើម្បីបង្ការកុំឲ្យខូចរាលដាលកាន់តែធំ។
ជាមួយគ្នានេះ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពដាក់បញ្ចូល ក្រសួងអភិវឌ្ឍន៍ជនបទជា សមាជិកគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងបានផ្តល់ជញ្ជីងចល័តចំនួនពីរគ្រឿង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងដែរ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅខេត្តសៀមរាប ឲ្យមានការរីកចម្រើនផងដែរ ដើម្បីផ្លាស់ប្តូរមុខមាត់ខេត្តនេះឲ្យ ស័ក្តិសមជាខេត្តទាក់ទាញទេសចរណ៍មួយយ៉ាងសំខាន់៕