(សៀមរាប)៖ ជាការរួមចំណែកលើកកម្ពស់វិស័យបេតិកភណ្ឌ និងវិស័យអប់រំ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបង្កើតកម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដោយយកសាលាបឋមសិក្សាល្បើក ស្ថិតក្នុងស្រុកពួក ជាសាលាគោលដៅទី១ ក្នុងការដំណើរការកម្មវិធីកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ច័ន្ទ សុធា អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ តំណាងលោក ឡុង កុសល បានថ្លែងថា កម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ ធ្វើឡើងក្នុងគោលបំណងបណ្តុះក្តីស្រឡាញ់សម្បត្តិដូនតា បញ្ជ្រាបចំណេះដឹងអំពីប្រវត្តិនៃបុរាណដ្ឋាន និងមរតកវប្បធម៌ក្នុងទីតាំងដែលសិស្សានុសិស្សកំពុងរស់នៅ ការចូលរួមថែរក្សាបរិស្ថាន ព្រមទាំងការរួមចំណែកថែរក្សាបុរាណដ្ឋានរបស់កុមារផ្ទាល់ទាំងក្នុងសហគមន៍ខ្លួននិងក្នុងតំបន់អង្គរទាំងមូល តាមរយៈការចែករំលែកចំណេះដឹងពីអ្នកជំនាញបុរាណវិទ្យាមកពីអាជ្ញាធរជាតិអប្សរាចូលរួមធ្វើបទបង្ហាញ។
លោកបានបន្តទៀតថា លើសពីនេះ គម្រោងអប់រំបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរក៏បានយកសៀវភៅអំណានពាក់ព័ន្ធនឹងចំណេះដឹងទូទៅ ទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្រ្ត បំនិនថ្មីៗ ជូនសាលាបឋមសិក្សាល្បើក ដើម្បីឱ្យសិស្សានុសិស្សបានអានបង្កើនចំណេះដឹងផ្នែកអំណាននិងចេះដឹងពីមរតកវប្បធម៌ សម្រាប់ជាទុនក្នុងការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹង ការស្រឡាញ់ និងចូលរួមថែរក្សាឱ្យបានគង់វង្ស ដោយផ្តើមពីកុមារនិងការចង្អុលបង្ហាញពីចាស់ទុំផងដែរ៕