(តាកែវ)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២៣,៤៦៦នាក់ទៀតមកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងខេត្តតាកែវ។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ គឺជាការជួបសំណេះសំណាលលើកទី២សម្រាប់កម្មករ និយោជិតនៅក្នុងខេត្តតាកែវ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា លោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។
លោករដ្ឋមន្ត្រី បានឲ្យដឹងដែរថា ផលិតទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថានចំនួន១១៤ មានកម្មករ និយោជិត ៤៦,៩៩០នាក់។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៣៧ មានកម្មករ និយោជិតចំនួន ៣៨,១៥៨នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជិត ៩២លានដុល្លារក្នុងមួយឆ្នាំ។
លោក អ៉ិត សំហេង បានចាត់ទុកវត្តមានរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ដើម្បីជំរុញវិស័យឧស្សាហកម្មឲ្យមានសន្ទុះទៅមុខកាន់តែខ្លាំងក្លាសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។ មកដល់បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមសរុបចំនួន ៥៨លើក ដែលមានអ្នកចូលរួមសរុប ៨២៤,០៣៤នាក់។
តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយជាផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួនដែលប្រឈមសម្រាប់ការរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ៕