(កំពង់ចាម)៖ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សហការគ្នា បើកសិក្ខាសាលាស្តីពីសុខភាពនគរបាល ក្រោមអធីបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ធីវ ឈុនស៊ីម អនុប្រធាននាយកដ្ឋានសុខាភិបាល តំណាងអគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ។
ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពី លោកស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ, លោកស្នងការរងទទួលផែនការងារធនធានមនុស្ស, លោកស្នងការរងទទួលផែនការងារសេនាធិការ, លោកអនុផែនទទួលការងារភស្តុភារ និងហិរញ្ញវត្ថុ និងលោក លោកស្រីនាយការិយាល័យគ្រប់រូប លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់សិក្ខាកាមឲ្យចេះរក្សា ស្រលាញ់សុខភាពឲ្យបានល្អ និងយកចិត្តទុក្ខដាក់ក្នុងកម្មវិធីសិក្ខាសាលាស្តីពីសុខភាពនគរបាល ដែលមានសារសំខាន់នេះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ វេជ្ជ. ធីវ ឈុនស៊ីម បានលើកឡើងពីការអប់រំសុខភាពនគរបាលដើម្បីការពារជំងឺឆ្លង តាមផ្លូវអាហារ និងការពុលចំណីអាហារ ជំងឺដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងបារី ជំងឺទឹកនោមផ្អែម ជំងឺលើសសំពាធឈាម ការលើសជាតិខ្លាញ់ និងអាស៊ីតអុយរិក និងជំងឺរាលដាលផ្សេងៗទៀត។
លោកឧត្តមសេនីយ៍ទោ ធីវ ឈុនស៊ីម ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យចេះស្រលាញ់ និងរក្សាសុខភាពឲ្យបានល្អ អនុវត្តការងារ និងខិតខំយកចិត្តទុកដាក់ ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈឲ្យបានល្អបន្តទៀតតាមជំនាញរៀងៗខ្លួន៕