(ចិន)៖ នៅថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមពិព័រណ៍ផលិតផលនាំចូលអន្ដរជាតិចិន នៅទីក្រុងសៀងហៃប្រទេសចិន ដែលមានក្រុមហ៊ុនជាង១០០០ក្រុមហ៊ុនមកពី៥៨ប្រទេសនៅលើពីភពលោកបានមកដាក់តាំងផលិតផលសំខាន់ៗរបស់ខ្លួន។
នៅក្នុងឱកាសដ៏មានសារសំខាន់នោះសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន COFCO International (Beijing) Ltd តំណាងដោយលោកស្រី Yang Hong ប្រធានក្រុមហ៊ុន ស្តីពី កិច្ចសហប្រតិបត្តិការគ្នាលើ«ម៉ាកវិញ្ញាតកម្មម្លិះអង្គរ» ក្នុងគោលបំណងបង្កើតក្រុមការងាររួមគ្នាដែលសមាសភាពពីសហព័ន្ធស្រូវអង្ករកម្ពុជានិងក្រុមហ៊ុន COFCO ដើម្បីផ្សព្វផ្សាយ ការពារកេរ្តិ៍ឈ្មោះ និងពង្រីកការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនអោយបានកាន់តែច្រើនឡើងៗពីមួយទៅមួយឆ្នាំ។
ស្របពេលមួយគ្នានោះដែរ សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានក្រុមហ៊ុននាំចេញក៏បានចុះអនុស្សារណៈយោគយល់ជាមួយក្រុម COFCO Grains Ltd ស្តីពី ការសហប្រតិបត្តិការគ្នាបង្កើនការកម្មង់ទិញអង្ករពីកម្ពុជាក្រោមអធិបតីភាពលោក សុខ ពុទ្ធិវុធ៕