(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្រោមការដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញមុខក្រុមជនសង្ស័យចំនួន៣នាក់ ក្រោយកម្លាំងនគរបាលរបស់លោក បានប្រើពេលត្រឹមតែ១ថ្ងៃ ក្នុងការតាមស្រាវជ្រាវបង្ក្រាបបានជាក់ស្តែង ពាក់់ព័ន្ធសកម្មភាពប្រើកាំបិតចុងស្រួចគំរាមប្លន់យកមូតូពីជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុបបណ្ដាលឲ្យរងរបួស ហើយរត់គេចខ្លួនបាត់ស្រមោល កាលពីយប់ថៃ្ងទី៣ ខែវិចិ្ឆកា នៅចំណុចតាមបណ្ដោយផ្លូវលេខ៧០ ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១។
នៅក្នុងសន្និសីទសារព័ត៌មានខាងលើនេះ លោក គល់ យី បានបញ្ជាក់ថា ការស៊ើបអង្កេតដេញតាមបង្ក្រាបក្រុមជនសង្ស័យ ដែលបានប្រើកាំបិតកាប់ប្លន់យកម៉ូតូពីជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ទាំង៣នាក់នេះ បានធ្វើឡើងក្រោយកើតហេតុ ត្រឹមតែរយះពេល១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការដឹកនាំចង្អុលបង្ហាញចំគោលដៅពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបើកការស្រាវជ្រាវភ្លាមៗ ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ បាននៅត្រង់នៅចំណុចខាងមុខផ្ទះសំណាក់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានម៉ូតូ១គ្រឿងម៉ាក SUZUKI សា្មសវី ពណ៌ក្រហម សេរីឆ្នាំ២០១៣ ពាក់សា្លកលេខ ភ្នំពេញ 1BL-8439 យកមកប្រគល់ជូនជនរងគ្រោះទៅប្រើប្រាស់ប្រកបមុខរបរវិញ។
លោក គល់ យី បានបញ្ជាក់ទៀតថា ជនសង្ស័យដែលបង្ក្រាបបាន ក្នុងសកម្មភាពប្រើកាំបិតគម្រាមចាក់ប្លន់យកម៉ូតូពីជនរងគ្រោះទី១-ឈ្មោះ លី ចាន់តារ៉ា ហៅធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំភូមិសាមគ្គី សង្កាត់ឬស្សីកែវ យកកាំបិតកាប់ជនរងគ្រោះ (និងមានសារធាតញៀន) ទី២-ឈ្មោះ ដឹក វុត្ថា ហតូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ (មានសារធាតុញៀន) ទី៣-ឈ្មោះ គឿង សុជាតិ ហៅឧត្តម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ (មានសារធាតុញៀន)។ ឯជនរងគ្រោះឈ្មោះ កង នាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងសងា្កត់ទឹកថា្ល ខណ្ឧសែនសុខ (រងរបួសស្រាលម្រាមកូនដៃខាងឆ្វេង)។
ជាមួយគ្នានោះ ជនរងគ្រោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកអធិការនគរបាលខណ្ឌឬស្សីកែវ លោកអធិការរង ជាមួយកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ដែលបានតាមស្រាវជ្រាវបង្ក្រាបជនសង្ស័យ ហើយដកហូតបានម៉ូតូយកមកប្រគល់ជូនរូបគាត់វិញ ដើម្បីប្រើប្រាស់ក្នុងការប្រកបរបរទទួលទានចិញ្ចឹមជីវិតបន្តទៀត។
ទោះបីយ៉ាងណា ក្រោយបញ្ចប់សន្និសីទសារព័ត៌មាន ក្រុមជនសង្ស័យទាំង៣នាក់ ត្រូវបានបន្តឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕