(ភ្នំពេញ)៖ បច្ចុប្បន្ននេះមានការព្រួយបារម្ភ លើបញ្ហាសុវត្ថិភាពម្ហូបអាហារ របស់ពលរដ្ឋកម្ពុជាហាក់ហក់ឡើងមួយកម្រិតបន្ថែមទៀត ពោលពី១ឆ្នាំទៅ១ឆ្នាំ ការយល់ដឹងពីបញ្ហានេះកាន់តែកើនឡើង។ នេះបើតាមការបញ្ជាក់ពីលោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល។
ការលើកឡើងបែបនេះ របស់លោក ស៊ិន ស៊ីដេត ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធីស្ដីពី «ការលើកកម្ពស់ការយល់ដឹងពី សុវត្តិភាពចំណីអាហារ» ដែលរៀបចំឡើងនាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ អ្នកជំនាញផ្នែកម្ហូបអាហារជាច្រើនរូបទៀតផងដែរ។
លោក ស៊ិន ស៊ីដេត បានថ្លែងឲ្យដឹងថា «ជាការពិតបញ្ហាសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា នៅមានបញ្ហាចោទមួយចំនួន ប៉ុន្ដែកន្លងមកបន្ទាប់ពីមានការសហការ រវាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋឃើញថា ពី១ឆ្នាំទៅ១ឆ្នាំការកែលម្អរ លើបញ្ហាសុវត្ថិភាប និងការលើកកម្ពស់សុវត្ថិភាពម្ហូតអាហារមានជាបន្តបន្ទាប់។ ត្បិតថាកន្លងទៅមានអាជីវករមួយចំនួន លួចប្រើប្រាស់សារធាតុជាតិគីមីក៏ដោយ»។
លោកបន្ដទៀតថា មានទស្សនៈមួយចំនួនយល់ច្រឡំថា ម្ហូបអាហារនាំចូលពីបណ្ដាប្រទេសផ្សេងៗមានគុណភាពអន់ ជាងការផលិតក្នុងស្រុក។ លោកថា «ចំពោះខ្ញុំ, ខ្ញុំមិនយល់បែបនេះឡើយព្រោះ ខ្ញុំជាស្ថាប័នដែលត្រួតពិនិត្យ លើបញ្ហាម្ហូបអាហារនាំចូល។ មែនទែនទៅគឺយើងមានបញ្ហាទាំងសងខាងនឹង អ្នកនាំចូលមួយចំនួនមិនមានក្រមសីលធម៌, ខូចដោយលួចនាំចូលម្ហូបអាហារ តាមច្រករបៀងដោយគិចវេសមិនព្រមទទួលខុសត្រូវទៅតាមច្បាប់ នេះជាបញ្ហាសំខាន់ ដែលមិនអាចគ្រប់គ្រង់បានទាំងស្រុងនៅឡើយ»។
លោកបញ្ជាក់ទៀតថា សរុបសេចក្ដីមកមិនអាចនិយាយបានថា ទំនិញនាំចូលសុទ្ធតែមានបញ្ហា ហើយទំនិញក្នុងស្រុកសុទ្ធល្អឡើយ។ ប៉ុន្ដែអ្វីដែលសំខាន់នោះពី១ថ្ងៃទៅ១ថ្ងៃ ក្រសួងពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែង ជាពិសេសចំពោះការអប់រំប្រជាពលរដ្ឋ និងអាជីវករ សិប្បករឲ្យយល់ពីច្បាប់ ហើយពលរដ្ឋក៏មានការយល់ដឹងច្រើនថែមទៀតផង។
លោក លី ទីន អនុប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃវិទ្យាស្ថានស្ដងដារកម្ពុជាបានលើកឡើងថា ដើម្បីឲ្យកាត់បន្ថយនូវការនាំចូលម្ហូបអាហារ ដែលគ្មានគុណភាពពីបណ្ដាប្រទេស គឺត្រូវមានការចូលរួមពីបណ្ដាកាំកុងត្រូ, ក្រសួងសុខាភិបាល, ប្រជាពលរដ្ឋ ព្រមទាំងអ្នកប្រើប្រាស់ជាដើម៕