(ភ្នំពេញ)៖ កម្ពុជាគ្រោងបញ្ជូនពលករ៥ពាន់នាក់ ទៅធ្វើការនៅប្រទេសគុយវ៉ែត នៅឆ្នាំ២០១៩ ខាងមុខនេះ។ លោក Zaher M. Al-Khuraineg ភារធារីស្ថានទូតគុយវ៉ែតប្រចាំកម្ពុជា បានអះអាងថា ការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសគុយវ៉ែត មិនមានហានិភ័យនោះទេ ដោយសារតែប្រទេសទាំងពីរ បានយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវ អំពីបញ្ហាកើតមានចំពោះពលករ ព្រមទាំងបានបង្កើតមជ្ឈមណ្ឌល ដើម្បីដោះស្រាយបញ្ហាពលករ និងមានមេធាវីសម្រាប់ការពារជូនពួកគាត់ផងដែរ។
ការលើកឡើងបែបនេះរបស់ លោក Zaher M. Al-Khuraineg បានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសជាមួយ លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅឯស្ថានទូតរបស់គុយវ៉ែត រាជធានីភ្នំពេញ។
លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «គុយវ៉ែតមានទាំងមជ្ឈមណ្ឌលគាំពារពលករ មេធាវីសម្រាប់ការពារពលករ មានទាំងការទំនាក់ទំនងផ្ទាល់ខាងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ នឹងផ្តល់កន្លែងស្នាក់នៅដល់ពលករដែលមានបញ្ហាទាំងអស់ នឹងផ្តល់មេធាវី សម្រាប់រកខុសត្រូវដែលត្រូវបានគេបំពានណាមួយនៅកន្លែងធ្វើការ»។
លោក Zaher M. Al-Khuraineg បានបន្តថា គុយវ៉ែត ជឿជាក់ថាទៀតថា ទាំងពលករខ្មែរ និងពលករបរទេសផ្សេងទៀត នឹងមិនមានហានិភ័យនោះទេ ដែលមកធ្វើការនៅប្រទេសរបស់ខ្លួន ដោយសារតែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ អំពីបញ្ហានេះ ហើយមួយវិញទៀត ជាមួយគ្នានេះដែរភាគីទាំងពីរ ក៏មានស្ថានទូតប្រចាំប្រទេសរៀងៗខ្លួន ព្រមទាំងបង្កើតមជ្ឈមណ្ឌល ដើម្បីដោះស្រាយបញ្ហាពលករផងដែរ។
លោកក៏បានលើកឡើងពីអត្ថប្រយោជន៍ជាច្រើនដែលពលករបរទេសបំពេញការងារនៅក្នុងប្រទេសគុយវ៉ែត ដោយទទួលបាននៅប្រាក់ខែសមរម្យ គឺពលករខ្លះដែលមានជំនាញ និងបទពិសោធន៍ការងារច្រើនឆ្នាំ នឹងទទួលបានប្រាក់ខែ រហូតដល់៥ពាន់ដុល្លារអាមេរិក និងទាបបំផុតក៏ត្រឹម៣០០ដុល្លារអាមរិក។
ភារធារីរូបនេះ បានបញ្ជាក់ថា ប្រទេសគុយវ៉ែត មានក្រុមហ៊ុនបរទេសច្រើន ដែលកំពុងមានវត្តមាននៅទីនោះ ហើយតម្រូវការពលកម្ម កម្លាំងជំនាញ ក៏មានការកើនឡើងដែរ។ ដូច្នេះគុយវ៉ែត ត្រូវការកម្លាំងពលករបរទេស ដើម្បីបំពេញតម្រូវការការងាររបស់ខ្លួន នាពេលបច្ចុប្បន្ននេះផងដែរ៕