(បារីស,បារាំង)៖ ដូចកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំគណៈកម្មការអចិន្រៃ្តយ៍របស់សមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៨៨ និងកិច្ចប្រជុំពេញអង្គរបស់ AIMF លើកទី៣៨ បានដំណើរការទៅដោយចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងលីល ប្រទេសបារាំង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់សមាគម រាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី អាន អ៊ីដាល ហ្គោ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង និងរដ្ឋមន្ត្រីក្រសួងកីឡាបារាំងផងដែរ ដោយផ្តោតលើប្រធានបទ ដែលពាក់ពន្ធ័កីឡាគឺកីឡាសុខភាព ឬបំពេញឲ្យគ្នា កីឡា ការបង្កើតថ្មី និងការអភិវឌ្ឍន៍មូលដ្ឋាន, ទីក្រុង និងព្រឹត្តិការណ៍កីឡាអន្តរជាតិខ្នាតធំ, តើជាហានិភ័យ ឬជាឱកាស? កីឡា និងតម្លៃក្នុងទីក្រុងផងដែរ។
មានរបៀបវារៈជាច្រើន ត្រូវបានលើកយកមកពិភាក្សា និងអនុមត័មានការធ្វើបច្ចុប្បន្នភាព បញ្ជីសមាជិក, អនុម័តកំណត់ហេតុអង្គសន្និបាត AIMF លើកទី៣៧, របាយការណ៍ស្ដីពីសកម្មភាពរបស់ AIMF ក្នុងឆ្នាំ២០១៧, របាយការណ៍ នៃការអនុវត្តថវិកាឆ្នាំ២០១៧ និងបទបង្ហាញអំពីគណនេយ្យ, របាយការណ៍សវនករ, ការអនុម័តលើគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៧, គម្រោងចំណាយនានាលើការឧបត្ថម្ភដល់ទីក្រុង និមួយៗ ជាសមាជិកAIMF។
តំណាងទីក្រុងនានា បានលើកឡើងពីបញ្ហាប្រឈមនានា ដែលខ្លួនជួបប្រទះព្រមទាំងមានការបោះឆ្នោតជ្រើសរើសកីឡាការនីឆ្នើមផងដែរ។ នាឱកាសនោះ ប្រតិភូរាជធានីភ្នំពេញ បានឡើងធ្វើបទអន្តរាគមន៍ ដែលបង្ហាញពីការរីកចំរើនរបស់រាជធានីភ្នំពេញ ក៏ដូចការ រីកចំរើនលើវិស័យកីឡាដែលយើងបានកសាងឡើងពីបាតដៃទទេ ពីគំនរផេះផង់ ដែលបន្សល់ទុកពីរបប ប្រល័យពូជសាសន៍។
លោកស្រី អាន អ៊ីដាលហ្គោ បានថ្លែងកោតសរសើរ ពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ យ៉ាងឆាប់រហ័ស និងវាយតំលៃខ្ពស់ចំពោះវត្តមានរបស់លោក ឃួង ស្រេង និងគណៈប្រតិភូរាជធានីភ្នំពេញ ដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាត AIMF ប្រចាំឆ្នាំនាពេលនេះ ហើយថា រាជធានីភ្នំពេញគឺជាតំណាងឲ្យទីក្រុងប្រើប្រាស់ភាសាបារាំងនៅអាស៊ី។
ក្នុងបទអន្តរាគមន៍លោក ឃួង ស្រេង បានលើកឡើងពីកិច្ចសហការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយធ្វើឲ្យយើងខ្ញុំមានលទ្ធភាពពេញលេញចូលរួមពិភាក្សា និងផ្តល់យោបល់ ដើម្បីរៀបចំកសាងសេចក្តីព្រាងគោលនយោបាយ និងយន្តការនានាព្រមទាំងផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់សមាគមទុកជាប្រយោជន៍ដល់បុព្វហេតុ នៃហ្វ្រង់កូហ្វូនី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀបចំបែបផែន អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិរបស់បណ្តាសមាជិកសមាគមនាពេលអនាគតឲ្យដើរឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យដោយចីរភាព។
លោក ឃួង ស្រេង ក៏បានស្នើសុំដល់អង្គសន្និបាតឲ្យគាំទ្ររាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត AIMF នាឆ្នាំ២០១៩ ខាងមុខនេះផងដែរ៕