(បាត់ដំបង)៖ ការងារភ្ជួរររាស់ដីស្រែដាំស្រូវ ក្នុងការបង្កបង្កើនផលស្រូវរដូវវស្សារបស់កសិករឆ្នាំ២០១៨នេះ មានការកើនឡើងច្រើនជាងឆ្នាំមុនមានចំនួនជាង៣ម៉ឺនហិកតា។ នេះបើយោងតាម របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
របាយការណ៍ បានបញ្ជាក់ថា រយៈពេលដូចគ្នាសម្រាប់ឆ្នាំមុន និងឆ្នាំនេះផ្ទៃដីដែលប្រជាកសិករ បានចុះភ្ជួរាស់ដីសាបព្រោះស្រូវ ក្នុងរដូវវស្សាគិតពីដើមរដូវមកដល់ត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ សរុបចំនួន៣៦៥,៨៥៩ហិកតា ធៀបនឹងឆ្នាំ២០១៧កន្លងទៅ កសិករធ្វើបានតែត្រឹម៣៣៤,១១០ហិកតាប៉ុណ្ណោះ ដែលតួរលេខនេះបានលើសឆ្នាំចាស់ចំនួន៣១,៧៤៩ហិកតា។
បើតាមរបាយការណ៍ បានបង្ហាញទៀតថា ការងារចុះបង្កបង្កើនផលក្នុងដំណាក់កាលបន្តនេះ កសិករនៅតាមបណ្តាស្រុកដែលភ្ជួររាស់ដី និងសាបព្រោះស្រូវបានច្រើនជាងគេ នៅតាមស្រុកមួយចំនួនរួមមាន៖ ស្រុកថ្មគោល អនុវត្តបានចំនួនជាង៤ម៉ឺនហិកតា, ស្រុកមោងឬស្សី បានចំនួនជិត៤ម៉ឺនហិកតា, ស្រុកបាណន់ ចំនួនជិត៤ម៉ឺនហិតា, សង្កែបានចំនួនជិត៤ម៉ឺនហិកតា និងស្រុកបវេល អនុវត្តបានចំនួនជាង២ម៉ឺនហិកតាផងដែរ។
ទន្ទឹមគ្នានេះ តាមការដកស្រង់របាយការណ៍របស់មន្ទីរជំនាញខាងលើ បានបង្ហាញដែរថា កសិករសម្រុកលើការងារដាំដុះស្រូវឆ្នាំនេះមានប្រភេទស្រូវខុសៗគ្នា និងចម្រុះទៅតាមតំបន់ ក្នុងនោះ មានប្រភេទស្រូវធ្ងន់ចំនួន៣៦៤ហិកតា ស្រូវកណ្តាល២៧៩ហិកតា និងប្រភេទស្រូវស្រាលកសិករ ធ្វើបានចំនួន៦៩ហិកតា៕