(ភ្នំពេញ)៖ ក្នុងពិធីចុះហត្ថលេខាលើគម្រោងរបស់មូលនិធិ ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) និងអនុស្សារណៈយោគយល់គ្នាជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនូវការសោកស្ដាយ ដែលត្រូវចប់អាណត្ដិការងារជាឯកអគ្គរដ្ឋទូត នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក William A. Heidt បានអាននៅក្នុងសន្ទរកថា យ៉ាងដូច្នេះថា៖ «ខ្ញុំមានការសោកស្ដាយដែលអាណត្ដិរបស់ខ្ញុំ ជាឯកអគ្គរដ្ឋទូត នឹងចប់ក្នុងពេលឆាប់ៗនេះ តែពេលនេះខ្ញុំមានសេចក្ដីរីករាយ ដោយវត្ដមាននៅក្នុងពិធីដ៏ពិសេសនេះ»។
លោក William A. Heidt បានបញ្ជាក់ទៀតថា «នៅចុងខែនេះ ខ្ញុំនឹងបញ្ចប់អាណត្ដិរបស់ខ្ញុំនៅកម្ពុជា ហើយត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ខ្ញុំបានធ្វើការងារលើបញ្ហានានា នៅក្នុងរយៈពេល៣ឆ្នាំនេះ តែគ្មានការងារណា ដែលធ្វើឲ្យខ្ញុំពេញចិត្ត ជាងការជួយការអភិរក្សសម្បត្ដិវប្បធម៌ខ្មែរ ហើយជួបនាំវាត្រឡប់មកកន្លែងដើមវិញនោះទេ»។
ទន្ទឹមគ្នានេះដែរ ឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងថា ពិធីនេះ គឺជាការបង្ហាញឲ្យឃើញនូវទំនាក់ទំនងល្អ និងយូរលង់រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចុះហត្ថលេខាលើឯកសារពីរសំខាន់នៅថ្ងៃនេះ ដែលបង្ហាញពីទំហំ និងសារៈសំខាន់នៃទំនាក់ទំនងនេះ។
លោក William A. Heidt បានលើកឡើងផងដែរថា «ខ្ញុំមានមោទភាពដែលគម្រោងជួសជុលប្រាសាទភ្នំបាក់ខែង គឺជាគំរោងធំជាងគេមួយ ដែលមូលនិធីនេះ បានជួយថវិកានៅក្នុងសកលលោក។ យើងបានផ្ដល់ថវិកា ចំនួន៣.២លានដុល្លារ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក សំរាប់គំរោងនេះ តាំងពីឆ្នាំ២០០៤មក ដែលជាការជំរុញឲ្យមានអំណោយបន្ថែមពីវិស័យឯកជន និងសប្បុរសជន នៅក្នុងសហរដ្ឋអាមេរិក»។
លោក William Heidt បានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាជំនួស លោក William Todd ដែលចប់អាណត្តិកាលពីចុងឆ្នាំ២០១៥។ លោក William A. Heidt មានប្រពន្ធដើមកំណើតខ្មែរ បានបម្រើការជាង២០ឆ្នាំនៅក្រសួងការបរទេសក្នុងតួនាទីខុសៗគ្នា៕