(ភ្នំពេញ)៖ ក្បាច់គុនល្បុក្កតោខ្មែរ ដែលដូនតាយើងបន្សល់ទុកជាមរតកមានអាយុជាង២០០០ឆ្នាំមកហើយនោះ នឹងត្រូវផលិតជាខ្សែភាពយន្តរឿង «ព្រលឹងគុនល្បុក្កតោ» គោលបំណងដើម្បី ថែរក្សាទុកជាឯកសារ សម្រាប់កូនខ្មែរជំនាន់ក្រោយ។
ការផលិតខ្សែភាពយន្តរឿង «ព្រលឹងគុនល្បុក្កតោ» ដែលនិពន្ធរៀបរៀងដោយលោកគ្រូ សាន គឹមស៊ាន ហើយដែលបានផ្តល់ថវិកាដោយអ្នកឧកញ៉ា តឹក ង៉ូយ។
អ្នកឧកញ៉ា តឹក ង៉ូយ បានឲ្យដឹងថា មូលហេតុដែលអ្នកឧកញ៉ា ផ្តល់ថវិកាគាំទ្រដល់ការផលិតខ្សែភាពយន្តរឿង «ព្រលឹងល្បុក្កតោ» នេះឡើង មានគោលបំណងដើម្បីថែរក្សាសម្បត្តិមរតក ដែលដូនតាបន្សល់ទុកកុំឲ្យបាត់បង់ និងជាឯកសារសម្រាប់កូនខ្មែរជំនាន់ក្រោយឲ្យស្គាល់។
អ្នកឧកញ៉ាបានឲ្យដឹងទៀតថា ការផលិតខ្សែភាពយន្តនេះឡើង ក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពជា ដែលបានដាក់ស្នើរទៅអង្គការយូនីស្កូ ដើម្បីបញ្ចូលក្បាច់គុនល្បុក្កតោ របស់ខ្មែរយើង ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
តាមគម្រោងខ្សែភាពយន្តរឿង ព្រលឹងគុនល្បុក្កតោនឹងចាប់ផ្តើមថតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នៅទឹកដីខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមសម្តែងដោយយុវជន ដែលជាកូនសិស្សរបស់សាលាក្បាច់គុនល្បុក្កតោ លោកគ្រូ សាន គឹមស៊ាន៕