(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ចើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច មុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់នាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្របខណ្ឌនាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ចំនួន៤៣រូប។
ក្នុងពិធីដែលធ្វើនៅនាយកដ្ឋានកណ្ដាលនគរបាលព្រំដែននេះ ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន និងលោកឧត្តមសេនីយឯក តេង សួន អគ្គស្នងការរង និង ប្រធាននាយកនគរបាលព្រំដែន ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ វ៉ូ ហាក់ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន លើកឡើងអំពីសកម្មភាពការងារ របស់កងកម្លាំងនគរបាលជាតិ បណ្តាអង្គភាពជំនាញចំណុះឲ្យនាយកដ្ឋាននគរបាលព្រំដែន សម្រេចបានរយៈពេលកន្លងមក ក្នុងការការពារ ថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ ប៉ុល សុគន្ធ អនុប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ប្រកាសក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្នាក់ ឧត្តមសេនីយ៍ឯក ចំនួន០៤រូប, ឧត្តមសេនីយ៍ទោ ចំនួន០៦រូប, ឧត្តមសេនីយ៍ត្រី ចំនួន០៨រូប, ថ្នាក់វរសេនីយ៍ឯក ចំនួន០៩រូប, ថ្នាក់វរសេនីយ៍ត្រី ចំនួន០១រូប ប្រកាសមុខតំណែងចំនួន១៥រូប និងបានប្រកាស លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ដល់កងកម្លាំងនគរបាលជាតិ គ្រប់បណ្តាអង្គភាពជំនាញចំណុះ នាយកដ្ឋានកណ្តាលនគរបាលព្រំដែនទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ បទបញ្ជាណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហារផ្ទៃ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្រគល់ជូនក្នុងការថែររក្សា សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋនាឆ្នាំកន្លងមកបានល្អប្រសើរ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏បានលើកឡើងអំពីសភាពការណ៍នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងការវិវត្ដន៍ថ្មីរបស់ប្រទេសជាតិពេលបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ ក៏បានជំរុញឲ្យនាយនគរបាល នាយនគរបាលរង ដែលទើបបំពាក់ឋានន្ដរស័ក្ដិ ប្រកាសមុខតំណែង ត្រូវបង្កើនសមត្ថភាពជំនាញអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវតួនាទី ភារកិច្ចរបស់ខ្លួន ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បង្ក្រាប ទប់ស្កាត់រាល់បទល្មើសខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋាន រួមចំណែកកសាងប្រទេសជាតិ ដើម្បីលើកស្ទូយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត៕