(ភ្នំពេញ)៖ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងថា ការផ្លាស់ប្តូរ-ផ្ទេរតំណែង ចៅក្រម និងព្រះរាជអាជ្ញាពីខេត្តមួយទៅខេត្តមួយ គឺជាយន្តការដ៏ល្អប្រសើរ ដើម្បីបង្កើនប្រសិទ្ធភាពធ្វើការរបស់ស្ថាប័ន មិនឱ្យមានភាពពុករលួយ។
បើតាមមន្ត្រីជាន់ខ្ពស់ UN រូបនេះ, លោកស្រីបានគាំទ្រក្រសួងយុត្តធម៌ ចំពោះការផ្លាស់ប្តូរ-ផ្ទេរតំណែង ចៅក្រម និងព្រះរាជអាជ្ញា ហើយបានស្នើឱ្យការផ្លាស់ប្តូរ-ផ្ទេរតំណែងទាំងនោះ ធ្វើឡើងប្រកបដោយតម្លាភាពផងដែរ។
ការអះអាងរបស់ លោកស្រី Rhona Smith បានធ្វើឡើង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកស្រី ចូលជួបពិភាក្សាជាមួយ លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តធម៌ តំណាងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួយុត្តិធម៌ នៅទីស្តីការក្រសួង។
បន្ទាប់ពីជំនួបត្រូវបានបញ្ចប់, លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «គាត់ (លោកស្រី Rhona Smith) ចាប់អារម្មណ៍ទៅនឹងការធ្វើការផ្លាស់ប្តូរចៅក្រម ព្រះរាជអាជ្ញាពីខេត្តមួយទៅខេត្តមួយដែលយើងបានធ្វើនៅពេលថ្មីៗនេះ។ គាត់ថានេះជាយន្តការដ៏ល្អ ដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័ន បង្កើនប្រសិទ្ធភាពការងារ ជាការលុបបំបាត់អំពើពុករលួយផងដែរ»។
លោកបន្តថា «គាត់ក៏បានស្នើសុំថា ឱ្យការផ្លាស់ប្តូរនេះមានលក្ខណៈតម្លាភាព មានគោលលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ»។
លោក ជិន ម៉ាលីន បានថ្លែងបន្តថា ក្រសួងយុត្តធម៌បានប្រាប់ទៅ លោកស្រី Rhona Smith ឱ្យដឹងដែរថា ការផ្លាស់ប្តូរ-ផ្ទេរតំណែង ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ សុទ្ធតែស្របទៅតាមច្បាប់របស់កម្ពុជាជានិច្ច។
បើតាមលោកអ្នកនាំពាក្យរូបនេះ រាជរដ្ឋាភិបាលកំពុងប្រឹងប្រែង បន្ដកែទម្រង់ប្រព័ន្ធយុត្ដិធម៌តាមរយៈ ការបង្កើតកម្មវិធីជំនួយផ្នែកច្បាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងការទទួលបានមេធាវីការពារដោយឥតគិតថ្លៃ និងពង្រឹងស្ថាប័ន តម្លាភាព និងឯករាជ្យភាពរបស់ស្ថាប័នតុលាការទៀតផង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន៧ខេត្ត ត្រូវបានតែងតាំង និងផ្លាស់ប្តូរ។ ជាមួយគ្នានេះ ប្រធានតុលាការចំនួន៦ខេត្ត ក៏ត្រូវបានផ្លាស់ប្តូរកន្លែងបំពេញការងារ ទៅវិញទៅមកផងដែរ។
លោកស្រី Rhona Smith បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ច រយៈពេល១១ថ្ងៃនេះ អ្នកជំនាញរូបនេះ គ្រោងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៉ីវិល និងសមាជិកសហគមន៍ការទូតនានាផងដែរ៕