(បន្ទាយមានជ័យ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បន្តស្វែងរកទំនិញណាបង្កឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដោយរកឃើញសារធាតុគីមីបូរ៉ាក់ ក្នុងសរសៃគុយទាវ ប្រហិត បង្អែមលត បាញ់ឌុក និងបង្អែមស្លឹកស្រស់ ស្ថិតនៅក្នុងផ្សារសឿ ស្ថិតនៅភូមិឃុំសឿ ស្រុកមង្គលបូរី។
លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងឲ្យដឹងថា «នាពេលកន្លងថ្មីៗ មន្ត្រីជំនាញបានស្វែងរកផលិតផលជាច្រើនមុនរួមទាំងបន្លែ សាច់។ល។ មន្ត្រីជំនាញយើងបានរកឃើញបន្លែ គឺផ្កាខាត់ណាដែលនាំចេញពីប្រទេសថៃ មានផ្ទុកសាធារគីមី, ម៉ឺមឆៃថាវ នៅក្នុងប្រទេសកម្ពុជា មានលាយផ្សំជាមួយជាគីមី, បាញ់ឌុប មានលាយផ្សំជាមួយជាតិគីមី និងងាតបបែរ យើងរកឃើញមានលាយផ្សំសាធាតុគីមីផងដែរ ដូច្នេះហើយមន្ត្រីជំនាញយើងនៅតែបន្តសកម្មភាពនេះជានិច្ចជាកាល និងជាប្រចាំផងដែរ»។
លោកប្រធានកាំកុងត្រូលបន្តថា ស្វែងយល់ពីសារធាតុគីមីបូរ៉ាក់ និងផលប៉ះពាល់របស់វា ដោយវាជាសារធាតុគីមី ដែលត្រូវបានគេដាក់នៅក្នុងអាហារ ដើម្បីរក្សាទុកបានយូរ និងស្វិតល្អ។ មន្ត្រីជំនាញកាំកុងត្រូល បានរកឃើញសារធាតុនេះ នៅក្នុងអាហារដែលបរិភោគប្រចាំថ្ងៃមួយចំនួនដូចជា៖ សរសៃគុយទាវ, ប្រហិត, បង្អែមលត, បាញ់ឌុក, និងបង្អែមស្លឹកស្រស់។ លោកក៏បានផ្ដាំផ្ញើសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីសុខភាព ហើយប្រសិនបើមានបញ្ហាសង្ស័យណាមួយ សូមឆាប់រាយការណ៍បន្ទាន់ដល់មន្ត្រីជំនាញដែលនៅជិតអ្នកបំផុត៕