(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្តដំណើរចូលជួប រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដោយបានសំណេះសំណាល និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធសិទ្ធិទទួលព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិជាដើមនៅតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជានៅតាមបណ្តាញសង្គមជាដើម។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនោះលោកស្រី រ៉ូណា ស្មីត និងលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានចោទសួរ និងឆ្លើយលើបញ្ហាជាច្រើន ជាពិសេសគឺសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។
បើតាមលោក មាស សុភ័ណ្ឌ ក្នុងជំនួបនោះ លោកស្រី រ៉ូណា ស្មីត បានចោទសួរលោករដ្ឋមន្ត្រីថា តើដំណើរការពង្រាងច្បាប់នេះវិវឌ្ឍន៍ដល់ណា? តើមានកំណត់ថ្ងៃបញ្ចប់ ឬអនុម័តសេចក្តីព្រាងច្បាប់នេះហើយឬនៅ?
ជាកិច្ចឆ្លើយតប លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានបិទបញ្ចប់ក្នុងកម្រិតបច្ចេកទេសរួចហើយ ហើយបានដាក់ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីរៀបចំកិច្ចប្រជុំអន្តរក្រសួង ក្នុងការពិភាក្សាលើសេចក្តីព្រាងច្បាប់នេះផងដែរ។ លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា សំណើនេះក៏ទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល រួចហើយឲ្យបង្កើតគណៈកម្មការអន្តរក្រសួង ដែលគ្រោងជួបប្រជុំគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។
លោកស្រី រ៉ូណា ស្មីត ក៏បានចោទសួរទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការបង្កើតក្រុមការងារអន្តរក្រសួងមួយ (ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសេនីយ៍ ទូរគមនាគមន៍) ក្នុងការប្រយុទ្ធប្រឆាំង និងព័ត៌មានប៉ះពាល់ដល់សង្គមជាតិ ក៏ដូចជា គោលដៅទៅថ្ងៃអនាគតក្នុងការពង្រីកវិសាលភាព នៃការទទួលព័ត៌មានតាមអនឡាញរបស់ប្រជាពលរដ្ឋតាមជនបទ។
លោក ខៀវ កាញារីទ្ធ បានឆ្លើយតបថា ការបង្កើតក្រុមការងារ និងប្រកាសអន្តរក្រសួងដាក់ចេញវិធានការទប់ស្កាត់ព័ត៌មាន ប៉ះពាល់សង្គមជាតិនៅតាមអនឡាញ មិនមែនជាចេតនា ក្នុងការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ នៅតាមបណ្តាញសង្គមនោះឡើយ គ្រាន់តែជាយន្តការមួយទប់ស្កាត់ព័ត៌មានទាំងឡាយ ដែលនាំឲ្យប៉ះពាល់ដល់សង្គមជាតិតែប៉ុណ្ណោះ។
សម្រាប់ការងារពង្រីកការទទួលបានព័ត៌មានអនឡាញ របស់ប្រជាពលរដ្ឋនៅតាមទីជនបទវិញ លោករដ្ឋមន្ត្រីថា កម្ពុជាបានគិតគូរលើបញ្ហានេះ ប៉ុន្តែការអនុវត្តន៍នៅមានកម្រិតនៅឡើយ ដោយសារពាក់ព័ន្ធបញ្ហាធនធាន។ ប៉ុន្តែជាគោលការណ៍ក្រសួងបានគិតគូរ ហើយតាមរយៈវិស័យឯកជន និងដៃគូអភិវឌ្ឍន៍មួយចំនួនបានធ្វើ ហើយប្រជាពលរដ្ឋនៅជនបទខ្លះ ក៏អាចទទួលបានព័ត៌មានតាមអនឡាញផងដែរ៕