នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្រ្តីកាំកុងត្រូល បង្ក្រាប និងដកហូតសត្វក្រួចនាំចូលពីវៀតណាម គ្មានច្បាប់ជិត៣តោន យកទៅដុតបំផ្លាញចោល
06-11-2018 17:34
(ភ្នំពេញ)៖ ក្រោមការណែនាំពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគបាលជាតិ និងក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតពីប្រទេសវៀតណាម ដឹកតាមរថយន្តកូរ៉េ១គ្រឿង ម៉ាកHYUNDIA ស្លាកលេខ 3E 5868 នៅចំណុចផ្លូវ ជា សុផារ៉ា សង្កាត់ទួលសង្កែ ខណ្ឋឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែង រកឃើញសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតប្រមាណ២,៥តោន។
ចំពោះវត្ថុតាងទាំងអស់ខាងលើព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងយកសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតទៅដុតបំផ្លាញចោល នៅទីលានចាក់សំរាមបឹងជើងឯក និងបាននាំខ្លួនអ្នកបើកបររថយន្តម្នាក់ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី៕