(ពោធិ៍សាត់)៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសកម្ពុជា បានឧបត្ថម្ភរនាំងសុវត្ថិភាពចំនួន ២០០រនាំងកាលពីចុងសប្ដាហ៍នេះ ដល់សាលារៀនចំនួន៥០កន្លែង នៅតាមបណ្ដាខេត្តនានា នៅបណ្ដោយផ្លូវជាតិលេខ៥ និងលេខ៦ ដែលនឹងជួយរក្សានូវសុវត្ថិភាពរបស់សិស្សជាង៥០,០០០នាក់ នៅពេលធ្វើដំណើរទៅ និងមកពីសាលារៀនរបស់ពួកគេ។
ព្រឹត្តិការណ៍ឧបត្ថម្ភ រនាំងសុវត្ថិភាពនេះ បានធ្វើឡើងក្នុងខេត្តពោធិ៍សាត់ ដើម្បីប្រារព្ធទិវាពិភពលោកលើកទី១៣ នៃការរំឭកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាព របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហឹម យ៉ាន់ អគ្គស្នងការរងនគរបាលជាតិ និងសមាជិក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅកាត់ថា គ.ស.ច.គ. រួមជាមួយនឹងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់ទៀត។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «ទិវានេះមិនត្រឹមតែរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ដូចជា បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសទម្ងន់កំណត់ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម»។
សម្ដេចក្រឡាហោម បានបន្តទៀតថា «ទាំងនេះបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជាជារៀងរាល់ឆ្នាំ»។
តាមនាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman ការឧបត្ថម្ភ រនាំងសុវត្ថិភាពនេះ គឺដើរស្របទៅនឹងការប្ដេជ្ញា របស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់កុមារៗ ហើយរនាំងសុវត្ថិភាពទាំងនេះត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយគ្រោះថ្នាក់នានា ដែលកើតមានចំពោះសិស្សានុសិស្ស ។
លោក Nutman បានថ្លែងថា «គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារ និងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ប្រទេស និងប្រជាពលរដ្ឋរបស់ខ្លួន»។
លោក បានបន្លែមទៀតថា «ការឧបត្ថម្ភរនាំងសុវត្ថិភាពនាថ្ងៃនេះ នឹងរួមចំណែកធ្វើឱ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាព ហើយនិងនាំឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ ជាពិសេស គឺគ្រោះថ្នាក់ដែលកើតឡើងចំពោះកុមារតូច ដែលធ្វើដំណើរទៅមកសាលារៀនតែម្តង។ ក្នុងនាមជាក្រុមហ៊ុន ដែលបានទទួលការទុកចិត្តពីអតិថិជន ក្រុមហ៊ុនព្រូដិនសលកម្ពុជា ជឿជាក់ថា កុមារ គឺជាសសរគ្រឹះដ៏សំខាន់សម្រាប់ប្រទេសជាតិ ហើយការគាំពារ និងធានាសុវត្ថិភាពអាយុជីវិតរបស់កុមារ គឺស្មើនឹងការការពារ ដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃប្រទេសកម្ពុជាដូច្នោះដែរ»។
សាលារៀនចំនួន៥០កន្លែងទាំងនោះ ត្រូវបានជ្រើសរើស តាមរយៈការសិក្សាផ្អែកលើទិន្នន័យ ពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (RCVIS) ដែលបានបង្ហាញថាសិស្សក្មេងៗជាច្រើនតាមបណ្តោយផ្លូវជាតិលេខ៥ និងលេខ៦ នៅតែមានការប្រឈមខ្ពស់ ក្នុងពេលធ្វើដំណើរឆ្លងកាត់ផ្លូវធំ ពេលទៅមកសាលារៀន។
ការឧបត្ថម្ភរនាំងសុវត្ថិភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ទូទាំងប្រទេសកម្ពុជា។
តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ អ្នកតស៊ូមតិផ្នែកសុវត្ថិភាពចរាចរណ៍ និងមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ របស់ក្រុមហ៊ុនព្រូដិនសលអាស៊ី ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក SAFE STEPS ដែលមានកម្រងវីដេអូ និងឯកសារអប់រំជាច្រើនទៀត ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សម្រាប់វីដេអូស្ដីពីកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក SAFE STEPS ជាភាសារខ្មែរ សូមចុចលើតំណភ្ជាប់នេះ៖https://www.youtube.com/playlist?list=PLfgh_r8gbf65NKp8aEGS1lKB1mgdF143j ៕