(ព្រះសីហនុ)៖ ដើមខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុន CFOCN គ្រោងកាត់ទម្លាក់ខ្សែកាប្តិ៍អុបទិកដែលបានចងថ្ពក់តាមបង្គោលអគ្គិសនី នៅតាមផ្លូវគោលដៅចំនួន០៨ខ្សែ នៅក្រុងព្រះសីហនុ ជំនួសមកវិញ ដោយដាក់ក្នុងបំពង់លូក្រោមដី ដើម្បីរក្សាសោភណ្ឌភាពក្នុងក្រុងទាំងមូល។
ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមកាត់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៨ខាងមុខនេះ។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ខ្សែកាប្តិ៍នៅតាមផ្លូវទាំង០៨ដែលត្រូវកាត់មាន៖
*ទី១៖ ផ្លូវឯករាជ្យចាប់ពីផ្លូវជាតិលេខ៤ឆ្ពោះទៅផ្លូវលេខ៧០០កែងនឹងផ្លូវលេខ៦០០មានប្រវែង២.៤៦km
*ទី២៖ ផ្លូវឯករាជ្យចាប់ពីផ្លូវលេខ៧០៥ ឆ្ពោះទៅរង្វង់មូលតោពីរមានប្រវែង៤.៣៥ km
*ទី៣៖ ផ្លូវលេខ២៨មិថុនាចាប់ពីផ្លូវលេខ១០០ឆ្ពោះទៅផ្លូវលេខ៦០០មានប្រវែង១.៨៨km
*ទី៤៖ ផ្លូវលេខ១កក្កដា ចាប់ពីរង្វង់មូលតោពីរឆ្ពោះទៅឆ្នេរអូឈើទាលមានប្រវែង២.៨៥km
*ទី៥៖ ផ្លូវលេខ២៣តុលាចាប់ពីរង្វង់មូលតោពីរ ឆ្ពោះទៅផ្លូវលេខ៣០០មានប្រវែង១.៤៥km
*ទី៦៖ ផ្លូវលេខ៧០០ចាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវលេខ៧០៥កែងនឹងផ្លូវលេខ៦០០មានប្រវែង៣.១៦km
*ទី៧៖ ផ្លូវលេខ២ធ្នូ ចាប់ពីផ្លូវលេខ៧០០ កែងនឹងផ្លូវលេខ៧០៥ឆ្ពោះទៅរង្វង់មូលតោពីរមានប្រវែង៦.៣៥km
*ទី៨៖ ផ្លូវអូរ០១ចាប់ពីផ្លូវលេខ១០០ ឆ្ពោះទៅភូមិ៥សង្កាត់លេខ៤មានប្រវែង៣.២៥km សរុបផ្លូវទាំង៨ខ្សែនេះមានប្រវែង២៥.៧៥km។
នៅក្នុងកិច្ចប្រជុំនោះ លោក ដួង សំណាង ក្រុមមហ៊ុន CFOCN ក៏បានសំណូមពរនូវបញ្ហាមួយចំនួនរួមមាន៖
*ទី១៖ ពលរដ្ឋនៅតាមផ្លូវទាំង៨សហការជាមួយក្រុមហ៊ុនពេលក្រុមការងារចុះអនុវត្តការងារ
*ទី២៖ ស្នើសុំខាងអង្គភាពអគ្គិសនីផ្តល់រថយន្តកន្ត្រកសំរាប់កាត់ខ្សែកាប្តិ៍នេះ និងចូលរួមដែរនៅពេលកាត់
*ទី៣៖ ស្នើរដ្ឋបាលសម្របសម្រួលទីលានចាក់សំរាម
*ទី៤៖ ក្រុមហ៊ុន ត្រៀមរថយន្ត០៣គ្រឿង ដើម្បីធ្វើចរាចរណ៍ ស្នើសុំនគរបាលចរាចរណ៍ជួយសម្រួល ព្រោះផ្លូវខ្លះមានការហាមឃាត់។
លោកក៏បានឲ្យដឹងថា ក្រុមការងារចុះកាត់នឹងធ្វើការកាត់ម្តងមួយចំហៀងផ្លូវ។ លោកស្នើសុំនគរបាលចរាចរណ៍ ជួយសម្រួលចរាចរណ៍ផងនៅពេលចុះប្រតិបត្តិការងារ។
ជាការឆ្លើយតបចំពោះសំណើសុំពីតំណាងក្រុមហ៊ុនខ្សែកាប្តិ៍ លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលជាអ្នកដឹកនាំអង្គប្រជុំនេះ បានស្នើឲ្យ អង្គភាពពាក់ព័ន្ធត្រូវចូលរួមដើម្បីឲ្យដំណើរការ កាត់ទម្លាក់ខ្សែកាប្តិ៍ដែលចងថ្ពក់តាមបង្គោលភ្លើងកន្លងមកនេះ ប្រព្រឹត្តទៅដោយជោគជ័យ៕