(ភ្នំពេញ)៖ ស្ថានទូតគុយវ៉ែតប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ លោកស្រី ហ៉ីន ស៊ូពែហ៍ (Hend Subaih B ALSUBAIH) រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែត មកកាន់កម្ពុជា កាលពីសប្តាហ៍មុន គឺបានទទួលនូវលទ្ធផលជោគជ័យ និងផ្លែផ្កាដ៏មហិមា។
អគ្គរដ្ឋទូតគុយវ៉ែតប្រចាំនៅកម្ពុជា លោក ហ្សាហឹ អេម ប៊ី អេម អាល់ខូរ៉េនិច បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកស្រី ហ៉ីន ស៊ូពែហ៍ គឺជាដំណើរទស្សនកិច្ចដំបូង ក្នុងគោលបំណងបញ្ជាក់ និងជំរុញអនុស្សារណៈនៃការយោគយល់គ្នា ក្នុងវិស័យផ្លាស់ប្តូរហត្ថពលកម្ម ដែលប្រទេសទាំងពីរ បានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋគុយវ៉ែត ឱ្យកាន់តែដំណើរការទៅមុខ និងមានប្រសិទ្ធភាព។
លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដំណើរទស្សនកិច្ចរបស់ លោកជំទាវ មកកាន់ប្រទេសកម្ពុជា បានទទួលនូវលទ្ធផលជោគជ័យ និងផ្លែផ្កាដ៏មហិមា។ ទាំងនោះ គឺដោយសារតែមានការសហការ និងសហប្រតិបត្តិការល្អរបស់ក្រសួងការងារ និងមានការសម្រួលពីគ្រប់ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា»។
កាលពីថ្ងៃទី២៤-២៥ ខែតុលា កន្លងទៅ លោកស្រី ហ៉ីន ស៊ូពែហ៍ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងការងារ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត បានបង្កើតឡើងជាផ្លូវការ។
ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្រ្តីក្រសួងការងាររបស់កម្ពុជា និងគុយវ៉ែត បានព្រមព្រៀងគ្នាថា នឹងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយវិនិយោគិនគុយវ៉ែត ក៏មានបំណងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ កម្ពុជានឹងបញ្ជូនពលកររបស់ខ្លួនចំនួន ៥ពាន់នាក់ ទៅបម្រើការងារលើកដំបូង នៅប្រទេសគុយវ៉ែត នៅឆ្នាំ២០១៩ ខាងមុខនេះ។
លោកអគ្គរដ្ឋទូតបានបញ្ជាក់ថា៖ «ក្នុងអាណត្តិរបស់ខ្ញុំនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការ ដោយយកចិត្តទុកដាក់ និងស្មោះត្រង់ ដើម្បីរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសជាមិត្តទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត លើគ្រប់វិស័យ ទាំងវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងសង្គម»៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ស្ថានទូតគុយវ៉ែត៖