(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជនជាតិប៉ាគីស្ថានចំនួន០៣នាក់ ត្រូវបានបញ្ជូនខ្លួនឲ្យត្រលប់ទៅប្រទេសដើមរបស់ខ្លួនវិញ ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើសធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់សេចក្តីថ្លៃថ្នូរ ដោយជិះរថយន្តដើរសុំរៃអង្គាសប្រាក់ តាមទីសាធារណៈ និងតាមបណ្តាសហគមន៍ឥស្លាមព្រះវិហាផងដែរ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិប៉ាគីស្ថានចំនួន៣នាក់ខាងលើនេះ​ ត្រូវបានការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨រួមមាន៖

១-ឈ្មោះ HUSSAIN KHALID ភេទប្រុស កើតថ្ងៃទី២៥ខែ៨ឆ្នាំ១៩៧៤ លិខិតឆ្លងដែនលេខ RM6891244
២- ឈ្មោះ BEGUM ZARINA ភេទស្រី កើតថ្ងៃទី០១ខែ០១ ឆ្នាំ១៩៥៣ លិខិតឆ្លងដែនលេខ AR3955384
៣- RAZA ALI ភេទប្រុស កើតឆ្នាំ២០០៤ លិខិតឆ្លងដែនលេខDK9895023។

សូមបញ្ជាក់ថា មុនពេលបញ្ជូនខ្លួនជនជាតិប៉ាគីស្ថានចំនួន០៣នាក់ខាងលើ ទៅប្រទេសដើមវិញ ក៏ត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ធ្វើការដើរសុំរៃអង្គាសប្រាក់ផងដែរ៕