(កណ្ដាល)៖ មានប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ២១ ពីទីក្រុងតាខ្មៅ ឆ្លងកាត់ស្រុកស្អាង កោះធំ ឆ្ពោះទៅព្រំដែនប្រទេសវៀតណាម បានសម្ដែងកង្វល់របស់ពួកគាត់ ខណៈដងផ្លូវនេះ កសាងមិនទាន់រួចរាល់ជាស្ថាពរផងនោះ គឺពួកគាត់នៅតែឃើញរថយន្តដឹកទំនិញធុនធ្ងន់ដែលផ្ទុក ទំនិញរាប់សិបតោនក្នុង១គ្រឿងៗ បើកបរនៅលើផ្លូវនេះជារៀងរាល់ថ្ងៃ យប់ ព្រោះតែដងផ្លូវជាតិលេខ២១ខាងលើ កំពុងស្ថិតនៅក្នុងការសាងសង់មិន ទាន់មានដាក់ស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់នៅឡើយ។
អ្នកស្រុកដែលរស់នៅតាមដងផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងស្រុកកោះធំ បានអះអាងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ខណៈធ្វើដំណើរ តាមដងផ្លូវជាតិលេខ២១ កាលពីចុងសប្ដាហ៏កន្លងទៅនេះថា បច្ចុប្បន្ននេះ រថយន្តធំៗរបស់ឈ្មួញដឹកដែក ស៊ីម៉ង់ត៏ និងដឹកគ្រឿងសំណង់ ម្សៅមី ចេញ ពីកំពង់ទូក នៅម្ដុំគីឡូម៉ែត្រលេខ ៦២-៦៣ ឆ្ពោះទៅទីក្រុងភ្នំពេញ គឺផ្ទុកទំនិញលើសទម្ងន់មិនតិចតោននោះទេ ពេលចតនៅលើដងផ្លូវម្ដងៗ គឺពេលខ្លះស្រុត ផ្លូវក៏មានដែរ។អ្នកស្រុកបានបន្តថា ដងផ្លូវជាតិលេខ២១នេះ ពីមុនមកមិនដែលបានធ្វើស្អាតដូចពេលនេះទេ ទាំងផ្លូវទាំងស្ពាន ទើបតែពេលនេះ ក្រោម ជំនួយពីរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ផ្លូវ និងស្ពានតាមផ្លូវជាតិលេខ២១នេះ ត្រូវបានកសាងឡើងវិញមើលទៅធំ ស្អាត ធ្វើដំណើរបានស្រួល លែង ព្រួយជាប់ផុង លែងព្រួយបាក់ស្ពានដូចមុនៗ តែបែរជាគេនៅតែអនុញ្ញាតអោយរថយន្តធំៗ ផ្ទុកលើសទម្ងន់បើកបរដោយសេរីដដែល ខណៈផ្លូវមិនទាន់ កសាងហើយ១០០ភាគរយ គេមិនទាន់ដាក់ស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់។
ដូច្នេះ ពួកគាត់បារម្ភថាការកសាងផ្លូវមិនទាន់បានប៉ុន្មានផងរថយន្ត ដឹកលើសទម្ងន់បំផ្លាញផ្លូវនេះអោយខូចខាតទៅវិញធ្វើអោយពួកគាត់ដែលជាអ្នករស់នៅ និងប្រើប្រាស់ផ្លូវនេះជាប្រចាំជួបការលំបាកក្នុងការធ្វើដំណើរដូច ពីមុនវិញ។
សមត្ថកិច្ចមូលដ្ឋានម្នាក់ ដែលសូមមិនបញ្ចេញឈ្មោះ ហើយឈប់ម៉ូតូនៅក្បែរភ្នាក់ងារ Fresh News ដែលកំពុងសាកសួរព័ត៌មានពីប្រជាពលរដ្ឋ បានលើកដៃចង្អុលទៅរថយន្តភ្លៅ២ដែលមានផ្ទុក ស៊ីម៉ង់ត៏ស្មើទ្រុង តាមច្បាប់កំណត់អោយផ្ទុកទម្ងន់១៦តោនប៉ុណ្ណោះ តែរថយន្តនេះ ផ្ទុកទម្ងន់មិនក្រោម ៣០តោនឡើយ។
ចំណែករថយន្តភ្លៅ៣ដែលច្បាប់កំណត់អោយផ្ទុកមិនឲ្យលើសពី២៥តោន តែមើលចុះ រថយន្តនេះ (ក្នុងរូប) ផ្ទុកទម្ងន់ប៉ុន្មាន? គេអាចយកម៉ែត្រចាក់វាស់ឬរាប់ចំនួនបាវស៊ីម៉ង់ត៏ទៅ គេអាចដឹងពីទម្ងន់ផ្ទុកហើយ ថាតើផ្ទុកក្រោម២៥តោនឬផ្ទុកលើសពីនេះ។ ដោយឡែកបើរថយន្តភ្លៅ៥ដែល ច្បាប់កំណត់អោយផ្ទុកត្រឹម៣៥តោនវិញ គេផ្ទុកដែករហូតដល់៦០ទៅ៧០តោនឯណោះ។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានរូបនោះ បានបន្ថែមថា កន្លងមកយូរៗម្ដងគេឧស្សាហ៏ឃើញក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ ចុះមកសហការដាក់ជញ្ជីងថ្លឹងរកបទល្មើសដឹកលើសទម្ងន់ដែរ តែចាប់បានតែរថយន្ត ដឹកទំនិញដឹកដី ដឹកថ្មជាលក្ខណៈឯកជនរបស់អ្នកស្រុកដែលភ្លេចខ្លួនតែប៉ុណ្ណោះ។
ចំណែករថយន្តដឹកលើសទម្ងន់របស់ក្រុមហ៊ុន របស់ឈ្មួញដែលដឹក ដែក ដឹកស៊ីម៉ង់ត៏ និងដឹកគ្រឿងសំណង់ផ្សេងៗទៀត ចេញពីកំពង់ទូកដែលនាំចូលពីប្រទេសវៀតណាមវិញ គឺកម្រចាប់បានណាស់ ព្រោះហាក់ដូចជា មានខ្មោចក្នុងឱយដៃ ដឹងម៉ោង ដឹងពេលក្រុមជញ្ជីងចល័តចុះត្រួតពិនិត្យគឺចាប់ថ្លឹងមិនដែលរកឃើញដឹកលើសឡើយ។
ជាសំណូមពររបស់ពលរដ្ឋ សូមអោយក្រសួងសាធារណការជួយដាក់ជញ្ជីងថ្លឹងឬដាក់ក្រុមចល័តចុះត្រួតពិនិត្យថ្លឹងរកបទល្មើសដឹកលើសទម្ងន់អោយបាន ជាប់ជាប្រចាំផង បើមិនដូច្នេះទេ សង្ស័យតែផ្លូវលេខ២១នេះ កសាងហើយខាងមុខ ខូចខាងក្រោយ កសាងហើយខាងក្រោយ ខូចខាងមុខ ព្រោះតែរថយន្ត ដឹកដែក ដឹកស៊ីម៉ង់ត៏ និងដឹកគ្រឿងសំណង់ផ្សេងៗទៀត លើសទម្ងន់រាប់សិបតោននោះទេ៕