(រតនគិរី)៖ វារីអគ្គិសនី១ និង២ ដែលមានទីតាំងស្ថិតក្នុងឃុំអូរជុំ ខេត្តរតនគិរី មានវ័យចំណាស់ជាងគេ ត្រូវបានកសាងឡើងមុនដំបូងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ១៩៧៩។
លោក អ៊ុង ហ៊ួរ ប្រធានមន្ទីរស្តីទីរ៉ែ និងថាមពលខេត្ត បានឲ្យដឹងថា វារីអគ្គិសនីមានផ្ទៃបឹង១,៦ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកទឹកបានចំនួន១២,៦លានម៉ែត្រគូប រួមទាំងខ្នងទំនប់កំពស់៦០ម៉ែត្រ និងបណ្តោយ៨៥០ម៉ែត្រ ដែលអាចផលិតថាមពលអគ្គិសនី បានចំនួន១មេហ្កាវ៉ាត់ តែត្រូវទិញពីវៀតណាម៧មេហ្កាវ៉ាត់, ពីវារីអគ្គិសនីសេសាន្តក្រោម២ ចំនួន៧មេហ្កាវ៉ាត់ ព្រមទាំងអាចផ្គត់ផ្គង់អតិថិជនជាង៥០ភាគរយ ក្នុងចំណោម២៤៣ភូមិ ទូទាំងខេត្តរតនគិរី។
លោក គឹម កុសល មន្ដ្រីជំនាញផ្នែកផលិតកម្ម នៃអគ្គិសនីខេត្តរតនគិរី បានលើកឡើងថា ទំនប់វារីអគ្គិសនីអូរជុំ១នេះ គឺបានប្រភពទឹកពីបឹងអូរជុំ១ ដែលជាប្រភពទឹក បានមកពីបណ្ដាអូរធម្មជាតិនានា ក្នុងខេត្ដរតនគិរី ហូរចូលមក។ លោកបន្ដថា ទំនប់វារីអគ្គិសនីអូរជុំ១នេះ មានសង្វាក់ផលិតកម្ម និងសមត្ថភាព ក្នុងការផលិតអគ្គិសនី ដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងខេត្ត។
ដោយឡែក លោកស្រី ហឿង ឃឿង អភិបាលស្រុកអូរជុំ បានឲ្យដឹងដែរថា ទំនប់វារីអគ្គិសនីអូរជុំ១នេះ បានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ១៩៩១ ក្រោមការផ្ដួចផ្ដើមឡើងដោយលោកព្រឹទ្ធាចារ្យ ប៊ូ ថង ហើយបានសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ ក្នុងឆ្នាំ១៩៩៣។
លោកស្រីអភិបាលស្រុកអូរជុំរូបនេះ បានឲ្យដឹងទៀតថា តាមរយៈការបង្កើតឲ្យមានទំនប់វារីអគ្គិសនីអូរជុំនេះឡើង គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ពលរដ្ឋមូលដ្ឋានក្នុងខេត្ត ទាំងបងប្អូនជនជាតិខ្មែរ និងជនជាតិដើមភាគតិច ហើយចាប់តាំងពីខេត្តរតនគិរី មានទំនប់វារីអគ្គិសនីអូរជុំនេះឡើង ឃើញថាខេត្តរតនគិរី មានការអភិវឌ្ឍរីកចំរើន បានយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
បន្ថែមពីនេះ លោកស្រីអភិបាលស្រុករូបនេះ បានបន្ថែមថា មូលហេតុដែលថ្នាក់នាំខេត្ត កាលពីជំនន់នោះ ជ្រើសរើសយកទីតាំងស្រុកអូរជុំ ក្នុងការកសាងទំនប់វារីអគ្គិសនីអូរជុំនេះឡើង គឺដោយសារទីតាំង ភូមិសាស្រ្តស្រុក១នេះ ស្ថិតនៅចំកណ្តាលបណ្តាស្រុក-ក្រុងទាំង៩ ក្នុងខេត្តដែលហ៊ុព័ទ្ធជុំវិញ លើកលែងតែស្រុកលំផាត់ និងស្រុកអូរយ៉ាដាវតែប៉ុណ្ណោះ។
លោកស្រី បន្ថែមទៀតថា ទន្ទឹមនឹងទីតាំងភូមិសាស្រ្តនេះ ចំណុចសំខាន់១ទៀត គឺស្រុកអូរជុំ ក៏ជាទីកន្លែងដែលសំបូរទៅដោយបងប្អូនជនជាតិដើមភាគតិច គ្រប់ជាតិសាសន៍រស់នៅ ដូច្នេះហើយទើបថ្នាក់ដឹកខេត្តគ្រប់ជំនាន់ចង់លើកស្ទួយជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ឲ្យមានជីវភាពរស់នៅ និងការអប់រំយល់ដឹងកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត៕