(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការខណ្ឌ នៅនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ ប្រវែងសរុប ១៥១៨ម៉ែត្រ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ផ្លូវបេតុងទាំង០២ខ្សែ រួមមាន៖ ខ្សែទី១ ប្រវែង៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់សង្កែ និងខ្សែទី២ ប្រវែង៨១៨ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិព្រែករទាំង។
លោកអភិបាលខណ្ឌបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយគ្នានេះក៏បានផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរអំពីការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកថាផ្លូវបេតុងថ្មី ០២ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់សោភណ្ឌភាព នៃការរស់នៅផងដែរ។
លោកអភិបាលខណ្ឌ នុត ពុធដារ៉ា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។
លោកអភិបាលក៏បានណែនាំ ដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តន៍គម្រោងរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីឲ្យផ្លូវនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។
ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងគិតគូអំពីការលំបាករបស់ពួកគាត់ ហើយផ្លូវទាំង០២ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់យ៉ាងច្រើន៕