(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលរបស់លោក មានប៉ុស្ដិ៍សង្កាត់ទួលសង្កែ១ និងប៉ុស្ដិ៍សង្កាត់ច្រាំងចំរេះ១ នៅតែបន្ត សកម្មភាពតាមស៊ើបអង្កេត រហូតបង្ក្រាបឃាត់ខ្លួនបានជាក់ស្ដែង ចំពោះជនសង្ស័យជួញដូរគ្រឿងញៀនចំនួន២នាក់ ដកហូតបានក្រាមសថ្លា ជាថ្នាំញៀនចំនួន៨កញ្ចប់ ក្នុង២គោលដៅ និងករណីផ្សេងគ្នា។
លោកវរសេនីយ៍ឯក គល់ យី បានបន្តទៀតថា ប្រតិបត្តិការខាងលើនេះ គឺបានធ្វើឡើងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងមួយទីតាំងទៀត ស្ថិតនៅក្នុងក្រុមទី២ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ។
លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ចំពោះជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាប បានពីបទជួញដូរក្នុងករណីទី១៖ ឈ្មោះ កែវ សក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ក្បែរចំណុចកើតហេតុ ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់តូច។
លោកបានបន្ដថា ករណីទី២៖ ឈ្មោះ ស៊ីត យូសុះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់ ដើម្បីនាំយកមកបន្តឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕