(ឧត្តរមានជ័យ)៖ ដើម្បីធានាបាននូវគុណភាព ចំណីអាហារ ដែលបរិភោគប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋកុំឲ្យប៉ះពាល់ដល់សុខភាពនោះ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្ត្រីជំនាញសាខាកាំកុងត្រូល ខេត្តឧត្តរមានជ័យ បានបន្តចុះត្រួតពិនិត្យ លើផលិតផល និងចំណីអាហារដែលបានតាំងលក់នៅតាមផ្សារចំនួនពីរ គឺផ្សារដីក្រហម និងផ្សារទំនប់ខ្នុរ ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជាផ្សារមួយ នៅក្នុងតំបន់ដាច់ស្រយាល ដែលមានចម្ងាយឆ្ហាញពីទីរួមខេត្តឧត្តរមានជ័យ មកទល់ព្រំប្រទល់ខត្តសៀមរាបជាង១០០គីឡូម៉ែត្រ។
ការចុះពិនិត្យនេះផងដែរដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចូលរួមផងដែរ។ ក្នុងការ ចុះត្រួតពិនិត្យនាពេលនេះ មន្ត្រីកាំកុងត្រូល បានផ្តោតសំខាន់ទៅលើ គ្រឿងឧបភោគបរិភោគដែលហួសកាលបរិច្ឆេទ និងគ្រឿងភេសជ្ជៈដែលខូចគុណភាពផ្សេងៗ។
នៅក្នុងឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានត្រួតពិនិត្យ ព្រមទាំងបានធ្វើការសុំដកហូតនូវទឹកផ្លែឈើដបចំនួន២៧ដប ទឹកដោះគោកូនក្មេងចំនួន២៤ដប និងទឹកក្រូច big cola ចំនួន១២០ដប ដែលជាផលិទ្ធផលប្រទេសថៃ ក្រុមករងារបានយកមករក្សាទុកធ្វើការកំទេចចោលនៅពេលក្រោយ។
ជាមួយគ្នានោះផងដែរ សាខាកាំកុងត្រូលខេត្ត ក៏បានអប់រំណែនាំបន្ថែមឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាចំបង តែទោះបីជាយ៉ាណាក្តី មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ នៅតែបន្តសកម្មភាពចុះត្រួតពិនិត្យ លើផលិតផលដែរហួសការបរិច្ឆេទ និងពីនិត្យលើចំណីអាហារខូចគុណភាព បន្តបន្ទាប់ទៀត និងសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ជាមួយមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ការនាំចូលផលិតផលខូចគុណភាព ឬក្លែក្លាយ ដែលបង្កផលប៉ះពាល់ដល់សុខុមារភាពបងប្អូន។
បន្ទាប់មកលោក ខាន់ រ៉ាត់ រួមទាំងក្រុមការងារក៏បានបិទ និងចែកជូនផ្ទាំង poster ដល់សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋជាច្រើនផ្ទាំងសម្រាប់ និងយកទៅមើលឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់និងជួយផ្សព្វផ្សាយបន្ត ពីផលប៉ះពល់ពីសុខភាពបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ ក៏បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំងផងដែរ បន្ទាប់ពីក្រុមមន្ត្រីជំនាញសាខាកាំកុងត្រូល បានចុះមកពិនិត្យ ទំនិញតាមផ្សារដោយផ្ទាល់ នៅក្នុងតំបន់ដាច់ស្រយាលមួយនេះ ដោយបងប្អូនអាជីវករពួកគាត់គិតតែផលប្រយោជន៍ មិនបានជាចាប់អារម្មណ៍ ទៅលើសុខភាពប្រជាពលរដ្ឋយើងប៉ុន្មាននោះទេ៕