(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានស្នើដល់សមាជិកសមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ត្រូវពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៩នេះ ឲ្យបានហ្មត់ចត់ គ្រប់ជ្រុងជ្រោយ និងស៉ីជម្រៅ ជាពិសេសធ្វើឲ្យប្រាកដថា ការវិភាជន៌ថវិកា ពិតជាឆ្លើយតបទៅនឹងវិស័យជាអាទិភាពរបស់ជាតិដែលជាចលករ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ការស្នើសុំរបស់សម្តេចប្រធានរដ្ឋសភាបែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាឈ្វេងយល់អំពី «ការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
សិក្ខាសាលានេះបានផ្តួចផ្តើមរៀបចំឡើងដោយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល អង្គការ ស្ថាប័នជាតិ អន្តរជាតិ ដែលពាក់ព័ន្ធជាច្រើន ក្នុងការផ្លាស់ប្តូរនូវព័ត៌មាន និងធាតុចូលបន្ថែមទៀត សម្រាប់យកមកសិក្សា វិភាគ និងវាយតម្លៃ លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ មុននឹងដាក់ជូនរដ្ឋសភាពិភាក្សា និងអនុម័តនាពេលខាងមុខនេះ។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ បានលើកឡើងដែរថា ថវិកាឆ្នាំ២០១៩ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយ ដ៏មានសារសំខាន់ ដើម្បីអនុញ្ញាតឲ្យរាជរដ្ឋាភិបាល អនុវត្តនូវ «ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» និង «យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤» ដើម្បីបន្តរក្សាស្ថិរភាពនយោបាយ បន្តពង្រឹង និងពង្រីកការអនុវត្តលទ្ធិប្រជាធិបតេយ្យ បន្តរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវប្រសិទ្ធិភាពខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឈានទៅសម្រេចឲ្យបាន នូវគោលនយោបាយគ្រឹះ គឺការធានាឲ្យបាន នូវកំណើនសេដ្ឋកិច្ច ដោយចីរភាពក្នុងរយៈពេលវែង មានអត្រាខ្ពស់ប្រមាណ៧% ក្នុងមួយឆ្នាំ នៅលើមូលដ្ឋានទូលាយ និងមានសមត្ថភាពប្រកួតប្រជែងជាងមុន។
ចំណែកលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកសាងសេចក្តីព្រាងច្បាប់ ហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩នេះឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត ដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា តាមរយៈលទ្ធផលការបោះឆ្នោត ជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨នេះ។
ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានគោលដៅគំាទ្រ ដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាព គោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កា ជាអតិបរមាជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ថវិកាជាតិឆ្នាំ២០១៩ ត្រូវបានគិតគូរ ដោះស្រាយ និងត្រូវបានវិភាជន៌ សម្រាប់វិស័យអាទិភាព នៃគោលនយោបាយជាតិសំខាន់ៗជាសារវ័ន្ត។
«យើងចាត់ទុកថា ថវិកាជាតិឆ្នាំ២០១៩នេះ ជាឧបករណ៍នៃគោលនយោបាយ របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ក្នុងការថែរក្សាការពារ និងពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាបន្តចាក់គ្រឹះរឹងមាំ សម្រាប់បម្រើឲ្យការអភិវឌ្ឍរបស់កម្ពុជា តទៅមុខទៀត»។ នេះជាការគូសបញ្ជាក់ របស់សម្តេចប្រធានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងការកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានដោយជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងមក ដោយរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការឯកភាពជាតិ សម្រេចបាននូវសូចនាករសង្គមសំខាន់ៗ ដូចជា វិស័យអប់រំ សុខាភិបាល សម្រេចបានលទ្ធផលល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សេដ្ឋកិច្ចមានកំណើនខ្ពស់ជាមធ្យមក្នុងរង្វង់ ៧% ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយមកនៅត្រឹមក្រោម ១០% ដែលជាមធ្យម ជាង១ % ក្នុងមួយឆ្នាំ។
ជាពិសេសបានកសាង និងប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសក្រីក្រ មានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅកា្លយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខាងមុខ៕