(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារថា នៅឆ្នាំ២០២៥ខាងមុខនេះ ទុយោទឹកស្អាត និងត្រូវបានដាក់ចូលដល់ផ្ទះប្រជាពលរដ្ឋគ្រប់ភូមិទាំងអស់ទូទាំងប្រទេស។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក សួស យ៉ារ៉ា ជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, លោក កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានវេទិកា សម្ពន្ធ័សង្គមស៊ីវិល លោកស្រី ជ័រ វិនស៊ីងភារធារី ស្តីទីនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ចុះចែកជូននូវធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋមកពី៣ឃុំ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក សួស យ៉ារ៉ា បានថ្លែងទៀតថា ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសន្យាមុនការបោះឆ្នោត ហើយនិងដំណើរចែកចាយទឹកនៅទូទាំងប្រទេស ដូច្នេះនៅឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានសន្មត់ហើយថា គ្រប់ភូមិទាំងអស់ និងមានទុយោទឹកស្អាតទៅដល់គ្រប់ភូមិ។ ឆ្នាំនេះសូមឲ្យជាឆ្នាំចាប់ផ្តើមការពិត នៃដំណើរការទឹកស្អាតរបស់កម្ពុជាទាំងមូល។
លោកបន្តទៀតថា ការចែកធុងចម្រោះទឹកស្អាតនៅពេលនេះ គឺជាការចែកបណ្តោះអាសន្នទេ ហើយអ្វីដែលសំខាន់របស់យើង គឺជំរុញការតទុយោទឹកស្អាត ឲ្យដល់ផ្ទះប្រជាពលរដ្ឋគ្រប់ភូមិទាំងអស់ ចំពោះភ្លើងក៏ដូច្នេះដែរ គឺនៅឆ្នាំ២០២០ បណ្តាញអគ្គិសនី និងត្រូវតភ្ជាប់ចូលដល់គ្រប់ភូមិផងដែរ។ ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ លោក សួស យ៉ារ៉ា បានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើអ្វីៗ ដើម្បីឲ្យជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ មានជីវភាពធូរធារ។
ជាមួយគ្នានោះ លោក សួស យ៉ារ៉ា ក៏សំណូមពរឲ្យលោកស្រីតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា និងលោក កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិល សូមបន្តជួយប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារនៅឱកាសក្រោយៗទៀត។
សូមបញ្ជាក់ថា ធុងចម្រោះទឹកស្អាត ដែលចែកជូនប្រជាពលរដ្ឋ៤០០គ្រួសារនាពេលនេះ គឺជាអំណោយរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ តាមរយៈការខិតខំប្រឹងប្រែងរបស់លោក សួស យ៉ារ៉ា និងលោក អ៊ុន ចាន់ដា ដែលបានធ្វើការទំនាក់ទំនងជាមួយវេទិកាសម្ពន្ធ័សង្គមស៊ីវិល ទើបធុងចម្រោះទឹកស្អាតនេះ ត្រូវបានចែកជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារនៅពេលនេះ៕