(សៀមរាប)៖ «ដល់ពេលហើយដែលក្រុងសៀមរាប ត្រូវប្រែក្លាយជាទីក្រុងគ្មានផ្សែងបារី ព្រោះទីក្រុងសៀមរាប ជាទីក្រុងមួយក្នុងចំណោមទីក្រុងល្បីៗ ក្នុងតំបន់អាស៉ី-អាគ្នេយ៍ ជាពិសេសខាងវិស័យទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ បេតិកភណ្ឌ នឹងឈានប្រែក្លាយជាទីក្រុងគ្មានផ្សែងបារីទាំងស្រុង»។
នេះជាសម្តីរបស់លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប នៅព្រឹកថ្ងៃ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រៀបចំពិធីប្រកាសរដ្ឋបាលក្រុងសៀមរាប ជាកន្លែងធ្វើការគ្មានផ្សែងថ្នាំជក់ ដែលមានការ ចូលរួមពីលោកវេជ្ជបណ្ឌិត ឡាក់ លេង តំណាងក្រសួងសុខាភិបាលកម្ពុជា, លោកស្រីវេជ្ជបណ្ឌិត ដូមីលីន វីឡារ៉ាស់ (Domilin Vilaraz) និងមានវត្តមានចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ សរុប១០០នាក់ផងដែរ។
លោកអភិបាលក្រុងសៀមរាប បានថ្លែងថា ក្រុងសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសក្នុងការអភិវឌ្ឍជាទីក្រុងឆ្លាត (Smart City) ដើម្បីបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ នៅក្នុងចំណោមទីក្រុងឆ្លាតវៃឆ្លាត បណ្ដាប្រទេសអាស៊ាន។
លោកថា ទីក្រុងឆ្លាតវៃ ខិតខំធ្វើយ៉ាងណាឲ្យគ្រប់គ្នាទាំងអស់ សប្បាយរីករាយពេញចិត្ត។ នេះគឺជាអត្ថន័យពិតប្រាកដនៃទីក្រុងឆ្លាតវៃ គឺបានសប្បាយរីករាយទាំងអស់គ្នា ទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ អ្នកស្នាក់នៅបណ្ដោះអាសន្ន ពិសេសផងដែរ គឺធ្វើឲ្យភ្ញៀវទេសចរ មានភាពសប្បាយរីករាយតាំងពីចូលមកដល់ទីក្រុង រហូតដល់ពេលដែលពួកគាត់ត្រឡប់ទៅវិញ ហើយនៅតែចងចាំ និងបានប្រាប់ដល់មិត្តភក្តិ សាច់ញ្ញាតិរបស់គាត់ ពីការសប្បាយរីករាយប្រកបដោយសុខសុវត្ថិភាព ពេលបានមកទស្សនាទីក្រុង និងតំបន់រមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រសៀមរាប និងអង្គរ។
លោក សូ ប្លាតុង បានបញ្ជាក់ថា «ថ្ងៃនេះគឺយើងចាប់ផ្ដើមប្រកាសរដ្ឋបាលក្រុងសៀមរាប ជាទីកន្លែងដែលគ្មានផ្សែងបារី ហើយយើងនឹងបន្តអនុវត្តន៍បន្ថែមទៀត នៅតាមបណ្ដាអង្គភាព ស្ថាប័ន គ្រឹះស្ថានរដ្ឋ និងឯកជន កន្លែងសាធារណៈ គ្មានផ្សែងបារី»។
អ្នករៀបចំកម្មវិធី បានគូសបញ្ជាក់បន្ថែមថា នេះជាមុខមាត់របស់ប្រទេសកម្ពុជា ដែលជាក់ស្ដែងកំពុងតែមានកំណើន ចំនួនភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការប្រែក្លាយទីក្រុងទេសរណ៍ ប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយជាទីក្រុងគ្មានផ្សែងបារី គឺជាផ្នែកមួយដ៏សំខាន់ថែមទៀត ក្នុងការជំរុញកំណើនភ្ញៀវទេសចរណ៍។
ម្យ៉ាងទៀតវាជាការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពី ការត្រួតពីនិត្យផលិតផលថ្នាំជក់របស់អង្គការ សុខភាពពិភពលោក ដែលនេះជាការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ទៅលើសុខភាពប្រជាជន ពីការស្លាប់បាត់បង់ជីវិត ដោយសារការប្រើប្រាស់ថ្នាំជក់ ក៏ដូចជាសុខភាពរបស់ភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ ដែលចូលមកប្រទេសកម្ពុជា ជាពិសេសទីក្រុងសៀមរាប ឲ្យរួចផុតពីគ្រោះថ្នាក់ដែលបង្ករឡើងដោយថ្នាំជក់។
សូមជម្រាបថា ការអនុវត្តបរិស្ថានគ្មានផ្សែងបារី គឺជានិន្នាការពិភពលោក និងស្របតាមប្រជាពលរដ្ឋ៩៩ភាគរយ គាំទ្រឲ្យទីក្រុងសៀមរាប ក្លាយជាទីក្រុងគ្មានផ្សែងបារី (ការស្ទង់មតិប្រជាពលរដ្ឋ ស្ដីពី ការគាំទ្រឲ្យទីក្រុងសៀមរាប ក្លាយជាទីក្រុងគ្មានផ្សែងបារី ខែតុលា ឆ្នាំ២០១៧ ក្នុងក្រុងសៀមរាប)។
ទីក្រុងគ្មានផ្សែងបារី គឺមាន៖ ១-ហាមឃាត់ការជក់បារី ក្នុងអគារនៃកន្លែងធ្វើការ និងកន្លែងសាធារណៈ, ២-ហាមជក់បារីខាងក្នុងមធ្យោបាយធ្វើដំណើរសាធារណៈ, ៣-អាចជក់បារីបាន នៅក្រៅអគារចម្ងាយ ៥ម៉ែត្រពីច្រកចូល, ៤- ហាមជក់បារីក្នុងបរិវេណនៃគ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល ទារកដ្ឋាន សួនកុមារ សួនច្បារសាធារណៈ គ្រឹះស្ថានសាសនា សារមន្ទីរ រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ កន្លែងហាត់ប្រាណ ស្ថានីយ៍ប្រេងឥន្ធៈ និងកន្លែងងាយឆាបឆេះ។
នៅក្នុងបណ្ដាប្រទេសអាស៊ាន បានប្រកាសទីក្រុងមួយចំនួនរបស់ពួកគេ ជាទីក្រុងគ្មានផ្សែងបារីរួចហើយផងដែរ៕