(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីបិទ សន្និសីទអន្តរជាតិ ថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។
សន្និសីទអន្តរជាតិថ្នាក់តំបន់នេះ ត្រូវបានបើកដំណើរការនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមជម្រាបថា សន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ត្រូវបានបង្កើតឡើងបន្ទាប់ពី មានការផ្តួចផ្តើមគំនិតរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ឡឺវីត ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ របស់ប្រទេសបារាំង កាលពីឆ្នាំ២០១៦កន្លងទៅនេះ។ សន្និសីទនេះ ក៏មានចូលរួមពីមន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ឡាវ មីយ៉ាន់ ថៃ និងវៀតណាម រួមនិងចិន ព្រមទាំងអង្គការអន្តរជាតិចំនួន២០ផ្សេងទៀត។
សន្និសីទនេះធ្វើឡើង ដើម្បីរិះរកនូវយន្តការផ្សេងៗ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ចំពោះការចរាចរណ៍ឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាដ៏បារម្ភមួយសម្រាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ទន្លេមេគង្គដទៃទៀត។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កើតជាបញ្ហាសុខភាពសាធារណៈ សម្រាប់បណ្តាប្រទេសនានាលើសកលលោក និងនៅក្នុងតំបន់ ដែលទាមទារនូវការដោះស្រាយរួមគ្នា ដើម្បីទប់ស្កាត់នូវហានិភ័យសុខភាពដល់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រសួងសុខាភិបាលបានសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រៀបចំសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» នេះឡើងជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងឱសថអន់គុណភាពនៅក្នុងតំបន់ និងនៅក្នុងប្រទេស សំដៅរក្សាសុវត្ថិភាពនៃការប្រើប្រាស់ផលិតផលឱសថជូនប្រជាជន៕