(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាឲ្យបានម៉ឺងម៉ាត់ ដើម្បីរួមចំណែកឈានទៅរកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យចុះមកកម្រិតទាបបំផុត។
ក្នុងឱកាសជាគណៈអធិបតី ក្នុងការប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ លោកក៏បានបញ្ជាក់បន្តទៀតថា ត្រូវអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ដោយអនុវត្តន៍វិធានការទាំង៨ចំណុច ដោយផ្ដោតសំខាន់ទៅលើពាក្យស្លោក «មួកសុវត្ថិភាពមួយការពារជីវិតមនុស្សម្នាក់» និង «បើពិសាគ្រឿងស្រវឹងសូមកុំបើកបរ បើបើកបរសូមកុំពិសារគ្រឿងស្រវឹង»។
បើតាមលោក សុខ លូ ស្ថានការណ៍ទូទៅរបស់កម្ពុជា ក៏បានវិវត្តន៍ឡើងឥតឈប់ឈរ ស្ថិរភាពសង្គម សន្តិសុខសង្គម និងសុវត្ថិភាពសាធារណៈ នឹងត្រូវបានធានាឲ្យបានម៉ឺងម៉ាត់ ភាពរស់នៅដោយសុខក្សេមក្សាន្ត និងជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស កាន់តែល្អប្រសើរ បានធ្វើឲ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទ កើនឡើងយ៉ាងគំហុក នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ទន្ទឹមនឹងនេះដែរគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងកំណើនមួយគួរឲ្យព្រួយបារម្ភ។
លោក សុខ លូ បានសំណូមពរអ្នកពាក់ព័ន្ធក្នុងខេត្តទាំងមូល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួមអនុវត្តន៍ច្បាប់បទបញ្ញត្តិចរាចរណ៍នានា សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ជាពិសេសក្នុងខេត្តកំពង់ធំ។
ជាចុងក្រោយគណៈអធិបតី ក៏បានចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានមកចូលរួមនៅក្នុងកម្មវិធីទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នាពេលនោះផងដែរ។