(ស្វាយរៀង)៖ សមទ្ធិផលថ្មីៗនឹងចេញរូបរាងជាបន្តបន្ទាប់ នៅក្នុងទឹកដីខេត្តស្វាយរៀង ដោយមានការខិតខំយកចិត្តទុកដាក់របស់លោក ម៉ែន វិបុល ជាអភិបាលខេត្ត បានធ្វើឲ្យខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង និងមន្ត្រីដែលពាក់ព័ន្ធ ចុះពិនិត្យមើលការអ៊ុតកៅស៊ូបេទីមមីន័រនៅតាមផ្លូវ មួយខ្សែ ក្នុងភូមិរោងបន្លែង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
នៅដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ របស់រដ្ឋបាលខេត្ត បានផ្លូវអ៊ុតបេទីម AC ចំនួន៥ខ្សែ នៅក្នុងក្រុងស្វាយរៀង កំពុងស្ថាបនាជាបន្តបន្ទាប់។
សូមបញ្ជាក់ថា បន្ទាប់ពីមានការសាងសង់សួនច្បារ ការដាក់ភ្លើងស្តុបនៅតាមដងផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងស្វាយរៀង ការសាងសង់ច្រាំងទន្លេវ៉ៃគោ (ទំនប់តាណេង) រដ្ឋបាលខេត្ត ក៏បានជួសជុលផ្លូវអ៊ុតបេទីម AC ចំនួន៥ខ្សែបន្ថែមទៀត នៅចុងឆ្នាំ២០១៨នេះ បន្ទាប់ពីបានជួសជុលអ៊ុតបេទីម AC ចំនួន៩ខ្សែរួចហើយ នាឆ្នាំកន្លងទៅ ស្ថិតក្នុងក្រុងស្វាយរៀង ដើម្បីកែលម្អសោភណ្ឌភាព និងភាពស្រស់បំព្រង ចូលរួមចំណែកការប្រឡងប្រណាំងទីក្រុងស្អាតប្រចាំឆ្នាំ។
ដោយឡែក ចំពោះផ្លូវជនបទ នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់មួយចំនួន ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្ត ក៏មានការគិតគូរធ្វើការជួសជុលឡើងវិញផងដែរ៕