(ព្រះវិហារ)៖ ទំនិញជាច្រើនមុខត្រូវបានមន្ត្រីកាំកុងត្រូល ខេត្តព្រះវិហារ ដុតកម្ទេចចោល ក្រោយត្រួតពិនិត្យរកឃើញ នៅតាមផ្ទះលក់ទំនិញនានារបស់អាជីវករ ក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យមើលទំនិញវេចខ្ចប់ស្រាប់ ដែលតាំងលក់ដូរនៅតាមផ្ទះ នៅភូមិស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកថា ក្រុមការងារបានដកហូតទំនិញជាច្រើនមុខ ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកក្រូចចំរុះចំណុះ១៣០.១៥លីត្រ, ទឹកផ្លែឈើចំណុះ២៩លីត្រ, ទឹកភេសជ្ជៈ Samurai ចំណុះ១៤.៤លីត្រ និងទឹកភេសជ្ជៈប៉ូវកម្លាំងចំនុះ២.៧៥លីត្រ។ លោកបន្តទៀតថា ទំនិញទាំងនោះក្រោយដកហូត ត្រូវបានក្រុមការងារ ប្រមូលយកទៅដុតកម្ទេចចោលផងដែរ។
ជាមួយគ្នានោះ លោក ដួង មុនី ក៏បានអប់រំដល់អាជីវករ មុននឹងទិញទំនិញផ្សេងៗ យកមកតាំងលក់ សូមត្រួតពិនិត្យមើលកាលបរិច្ឆេទថ្ងៃខែឆ្នាំផលិត ឲ្យបានច្បាស់លាស់ ចៀសវាងទិញទំនិញណា ដែលផុតសុពលភាព ឬជិតផុតសុពលភាព៕