(ភ្នំពេញ​)៖ នៅថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានទទួលជួបលោក ​ផាន់យ៉ារ៉ាក់​ ភូលថាប់ ក្នុងឱកាសដែលលោក​ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ​ ប្រចាំនៅព្រះរាជាណាក្រកម្ពុជា​។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​កែ​ គឹមយ៉ាន ​បានុស្វាគមន៍ និងបានលើកយកពីការគាំទ្រយ៉ាងពេញលេញ ពីភាគីដល់ការស្វែងរកសន្តិភាពរបស់កម្ពុជា និងក្រោយកម្ពុជាទទួលបាននូវសន្តិភាព នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ តែកម្ពុជានៅតែមិនអាចខ្វះបាន នូវកិច្ចសហការពីភាគីមិត្ត ក្នុងនាមជាប្រទេសជិតខាងជាបងប្អូន ដែលមានទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យជាយូរលង់ណាស់មកហើយ។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​កែ​ គឹមយ៉ាន​ ក៏បានមានជម្រាបជូនភ្ញៀវផងដែរ ពីលទ្ធផលកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន កម្ពុជា-ថៃ​ នាពេលកន្លងមកដូចជា មានជាអាទិ៍៖​

*ទី១៖ ភាគីថៃបានជួយបណ្តុះបណ្តាលមន្រ្តីជំនាញ​ និងជួយកសាងមជ្ឈមណ្ឌលព្យាបាល​លើថវិកាគាំទ្រជាង៥២លានបាត​ ពីឆ្នាំ២០១៤-២០១៨​ (នៅឆ្នាំ២០១៧​ បានជួយកសាងមជ្ឈមណ្ឌលព្យាបាល​នៅខេត្តព្រះសីហនុ​ លើថវិកាជាង៤០លានបាត)
*ទី២៖ ជួយពង្រឹងសមត្ថភាព​អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​និងផ្តល់សម្ភារបច្ចេកទេសដល់មន្ទីរពិសោធន៍​គ្រឿងញៀន
*ទី៣៖ ពង្រឹងដំណើរការការិយាល័យទំនាក់ទំនងព្រំដែន​ BLOក្នុងគោលដៅទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ជាមួយនឹងលទ្ធផលខាងលើ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានជម្រាបជូនភ្ញៀវពីសភាពការណ៍គ្រឿងញៀនទាំងក្នុងក្របខ័ណ្ឌ​ អនុតំបន់​ តំបន់​ ពិភពលោក​ និងនៅកម្ពុជា​ និងកិច្ចខិតខំប្រឹងប្រែង តស៊ូប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សមត្ថកិច្ចក្រោមការគាំទ្រ ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣​ រយ:ពេល១១ខែចុងក្រោយនេះ​ ដោយបានធ្វើការបង្រ្កាបការជួញដូរ​គ្រឿងញៀន ​ជាច្រើនករណី​ ដកហូតបាននូវវត្ថុតាង និងមធ្យោបាយបម្រើដល់សកម្មភាពជួញដូរបានយ៉ាងច្រើនផងដែរ។

ទន្ទឹមនឹងនេះ ​សំដៅធានាប្រសិទ្ធភាពលើការងារត្រួតពិនិត្យគ្រឿងញៀន នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានស្នើសុំ​ការជួយពីភាគីថៃ​ ដូចខាងក្រោម​៖

*ទី១៖ ជួយពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន​ ពង្រឹងសមត្ថភាព មន្រ្តីការិយាល័យទំនាក់ទំនងព្រំដែន​ BLO និងការអនុវត្តផែនការភូមិសគ្មានគ្រឿងញៀន​សំដៅទប់ស្កាត់ការចរាចរណ៍ គ្រឿងញៀនឆ្លងកាត់ព្រំដែន​ ចំពោះការអនុវត្តផែនការភូមិសគ្មានគ្រឿងញៀន​កម្ពុជា និងធ្វើជាសិក្ខាសាលាដកបទពិសោធន៍នៅខេត្តស្ទឹងត្រែង ក្រោមការដឹកនាំផ្ទាល់ពី ឧបនាយករដ្ឋមន្រ្តី​
*ទី២៖ បន្តចូលរួមអនុវត្តគម្រោងសុវត្ថិភាពទន្លេមេគង្គ​
*ទី៣៖ បន្តជួយលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលជាតិផ្តល់ សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ​
*ទី៤៖ បន្តជួយពង្រឹងសមត្ថភាពអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ពង្រឹងសមត្ថភាពមន្រ្តីជំនាញ​ និងផ្តល់ឧបករណ៍ដល់មន្ទីរពិសោធន៍គ្រឿងញៀន
*ទី៥៖ បន្តកម្មវិធីធ្វើទស្សនកិច្ចសិក្សាដកពិសោធន៍ការងារត្រួតពិនិត្យគ្រឿងញៀនដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា
*ទី៦៖ ជួយគាំទ្រ និងការពារដល់ពលករកម្ពុជាដែលបាន និងកំពុងបំពេញការងារនៅប្រទេសថៃ។

ជាការកិច្ចឆ្លើយតប​ លោក ​ផាន់យ៉ារ៉ាក់​ ភូលថាប់ អគ្គរាជទូតថៃ​ បានថ្លែងអំណរគុណ​ និងវាយតម្លៃខ្ពស់ចំពោះការរីកម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ក្រោយទទួលបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​។

ទន្ទឹមនឹងនេះ​ ភាគីថៃ បានឯកភាពទាំងស្រុងលើសភាពគ្រឿងញៀន ដែលបានលើកឡើងដោយ ឧបនាយរដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ និងទទួលយកនូវរាល់សំណូមពរ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន៕