(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ឆេង សារ៉ា ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបជាមេតុងទីន ដែលបានឆបោកប្រាក់តុងទីន ក្រុមអាជីវករផ្សារឯករាជ្យ១ និងអាជីវករផ្សារកាណាឌីយ៉ាជិត៥០០នាក់ សរុបជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្នរង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី។
ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកស្រី វ៉ា សក្កដា បានបញ្ចប់ការសាកសួរ និងបានបញ្ជូនសំណុំស្ត្រីត្រូវចោទ ទៅចៅក្រមស៊ើបកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកាម្សិលមិញ។
សូមរលឹកថា ស្ត្រីឈ្មោះឆេង សារ៉ា អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុច ផ្សារកាណាស៉ីធី ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយមានពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាកូនតុងទីន។
ក្រុមអាជីវករដែលជាជនរងគ្រោះ បានឲ្យដឹងថា ស្រ្តីដែលជាមេតុងទីនបោកខាងលើឈ្មោះ ឆេង សារ៉ា អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានបញ្ជូនខ្លួនមកកាន់តុលាការ នៅថ្ងៃទី៤ ខឺវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់។
ដើមចមនៃរឿងរ៉ាវនេះ ត្រូវបានកូនតុងទីន រៀបរាប់ថា ស្ត្រីដែលជាមេតុងទីនខាងលើ ធ្លាប់រកស៊ីបោះដុំឥវ៉ាន់ចាប់ហួយ នៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា រហូតបានស្គាល់គ្នាជិតឌិត ក៏បាននាំគ្នាលេងតុងទីន ចាប់ពីក្បាល២ម៉ឺនរៀល ដល់ក្បាល១០០ដុល្លារ ចំនួនអ្នកលេងតុងទីជិត៥០០នាក់ អ្នកខ្លះលេង៣ក្បាល និង៨ក្បាល។
ពួកគាត់មានអ្នកខ្លះលេងរយៈពេល៦ឆ្នាំ ខ្លះ៣ឆ្នាំ និងខ្លះទៀត២ឆ្នាំ ហើយក្នុងម្នាក់ៗ អ្នកខ្លះបង់តិចបំផុតជាង១,០០០ដុល្លារ រីឯខ្លះទៀតរហូតដល់ទៅជាង៣ម៉ឺនដុល្លារក៏មាន។ កូនតុងទីន បានឲ្យដឹងបន្តទៀតថា ជាបន្តបន្ទាប់រយៈពេលជាង៦ឆ្នាំមកនេះ ស្រ្តីជាមេតុងទីនខាងលើ បានលេងជាមួយកូនតុងទីនមកជាធម្មតា។
លុះរយៈពេលជាង៥ខែមកនេះ មេតុងទីនបានព្យាយាមមិនឲ្យកូនតុងទីនផ្សេងៗដេញយក តុងទីនដែលងាប់នោះឡើយ ដោយគេចវេសមិនខ្ចីលើកទូរស័ព្ទ និងរត់គេចខ្លួនបាត់តែម្តង។
អស់រយៈពេលជិត៦ខែមក ទើបកូនតុងទីនទាំងអស់នោះបានដឹងថា មេកំពុងតែវិចបង្វិចរត់គេចខ្លួននោះ ក៏បានរត់មកដាក់ពាក្យបណ្តឹង នៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍ តែចៃដន្យក្រុមកូនតុងទីន បានជួបស្រ្តីជាមេតុងទីននោះនៅក្នុងផ្សារកាណាស៊ីធី ទើបនាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់៕