(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុច ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានថ្លែងឲ្យដឹងថា សម្រាប់អក្សរខ្មែរលើសិលាចរឹកនៅសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី១៦ ដែលតែងតែមានបណ្ឌិត ឬសាស្រ្តាចារ្យដែលអាចមើលយល់ និងបកប្រែបាននោះ លែងជាអាថ៌កំបាំង សម្រាប់យុវជន សិស្ស និងនិស្សិតកម្ពុជានាសម័យទំនើបនេះហើយ ដោយគ្រាន់តែបញ្ចូលអក្សរលើសិលាចារឹក ចូលទៅក្នុងកម្មវិធី «OCR ខ្មែរ និងអក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» និងអាចប្រែជាអក្សរខ្មែរទំនើបផងដែរ។
លោកថ្លែងបែបនេះ ក្នុងពិធីសិក្ខាសាលា ស្ដីពី «កម្មវិធីអូស៊ីអខ្មែរ (OCR) និងអក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន Khmer Inteligent OCR Program and Ancient Khmer Script in IT» នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការរៀបចំឡើងដោយសហគម្រោងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលសហការដោយក្រុមការងារគម្រោង «វចនានុក្រមភាសាខ្មែរ បុរាណសម័យអង្គរតាមរយៈសិលាចារឹកសតវត្សរ៍ទី៩ ដល់ទី១៥» និងមានវាគ្មិនមកពីស្ថាបនព័ត៌មាននានា ចូលរួមជាង១០០នាក់ផងដែរ។
បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា ដើម្បីពង្រីក និងពង្រឹងភាសាអក្សរខ្មែរទាំងបុរាណ និងសម័យក្នុងវិស័យវិទ្យាសាស្រ្ត ជាពិសេសវិស័យបច្ចេកវិទ្យាព័ត៌មាន និងក៏ដូចជាដើម្បីរួមចំណែក បំពេញតម្រូវការចាំបាច់បច្ចុប្បន្នរបស់អ្នកប្រើប្រាស់កុំព្យូទ័រ ក្នុង និងក្រៅប្រទេសកម្ពុជា តាមរយៈការបង្កើតពុម្ភអក្សរខ្មែរបុរាណ និងការបង្កើតកម្មវិធីអូស៊ីអខ្មែរ សម្រាប់ស្គែនពុម្ភអក្សរខ្មែរលើសិលាចារឹក មកជាពុម្ភអក្សរខ្មែរនាសម័យទំនើប។
លោកបណ្ឌិត បានលើកឡើងនូវចំណុចសំខាន់មួយទៀត ត្រៀមនឹងមាននៅកម្ពុជា គឺ Software ម៉្យាងឈ្មោះថា អូស៊ីអ (OCR) (ឬមានហើយ តែប្រើមិនទាន់កើត) ដែលមានលទ្ធភាពបំប្លែងអត្ថបទ ក្នុងទម្រង់ជារូបភាព ឬជា(pdf) ដែលអ្នកប្រើប្រាស់កុំព្យូទ័រជាភាសាខ្មែរ បានជួបបញ្ហាលំបាកជាញឹកញាប់ ក្នុងការសរសេរឡើងវិញ គឺលែងពិបាកទៀតហើយ ដោយគ្រាន់តែមានកម្មវិធីអូស៊ីអខ្មែរ ដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់កុំព្យូទ័រ ក្នុងការស្គែនអត្ថបទភាសាខ្មែរ ដែលមានស្រាប់ទៅជាទម្រង់មួយដែលអាចកែសម្រួលខ្លឹមសារបានទាំងស្រុងផងដែរ។
លោកបណ្ឌិត សុខ ទូច បានបន្តទៀតថា សម្រាប់លោកបណ្ឌិត មាឃ ប៉ូរា និងលោកបណ្ឌិត ឈិត វណ្ណឫទ្ធី ដែលបានរកឃើញថ្មីដូចជា ការសហការរៀបចំគម្រោងស្រាវជ្រាវចំនួនពី នៃរាជបណ្ឌិត្យសភាកម្ពុជា គឺគម្រោង «ការបង្កើត Software Khmer Inteligent OCR » និងគម្រោងមួយទៀតគឺ «វចនានុក្រមភាសាខ្មែរបុរាណសម័យអង្គរតាមរយៈសិលាចារឹកសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៥» ដែលមានផលប្រយោជន៍ដល់យុវជនច្រើន ក្នុងការសម្របសម្រួលដល់ការសិក្សារឿនសូត្រ និងសិក្សាស្រាវជ្រាវដោយមានងាយស្រួល៕