(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លីធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឲ្យអង្គការសហប្រជាជាតិ (UN) បន្តការពារអធិបតេយ្យភាព ឯករាជ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ដោយអនុលោមទៅតាមធម្មនុញ្ញរបស់អង្គសហប្រជាជាតិ។
ការស្នើសុំរបស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការគាំទ្រកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការកៀរគរធនធានសំដៅសម្រេចរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គការសហរប្រជាជាតិ បន្តការគាំទ្រដល់កម្ពុជា ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ កំពុងតែត្រូវការធនធាន និងកម្លាំងដើម្បីក្លាយជាប្រទេស ឱ្យមានការរីកចម្រើន។
ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក៏បានលើកជាសំណូមពរចំនួន០៤ ដល់អង្គការសហប្រជាជាតិ ដូចខាងក្រោម៖
*ទី១៖ បន្តការគាំទ្រខ្លាំងក្លាបន្ថែមទៀតដល់កម្ពុជា ក្នុងការដោះស្រាយបញ្ហាភាពក្រីក្រ ដែលនៅសេសសល់ ក្នុងនោះរួមបញ្ចូលបញ្ហាមីន សំណល់ជាតិផ្ទុះ ដែលសល់ពីសង្គ្រាម
*ទី២៖ ចូលរួមការពារ និងលើកកម្ពស់សកលភាវូបនីយកម្ម នីតិរដ្ឋច្បាប់អន្តរជាតិ និងច្បាប់ នៃការធ្វើពាណិជ្ជកម្មជាសកល ក្នុងកិច្ចការពារដល់ប្រទេសទន់ខ្សោយ
*ទី៣៖ បន្តជួយដល់ប្រទេសដែលមានតម្រូវការចាំបាច់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហិ្វកបនែ្ថមទៀត
*៤៖ បន្តការពារអធិបតេយ្យភាព ឯករាជ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសនីមួយៗ ដោយអនុលោមទៅ តាមធម្មនុញ្ញរបស់អង្គសហប្រជាជាតិ។
ជាមួយគ្នានោះ លោកបណ្ឌិត Oliver Paddison តំណាង UN-ESCAP និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានកោតសសើរចំពោះការរីកចម្រើន នៅប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយលោកទទួលស្គាល់ថា «កម្ពុជាកំពុងដើរលើផ្លូវត្រូវ ហើយប្រជាពលរដ្ឋពិតជាមានភ័ព្វសំណាងណាស់ ដែលបាននិងកំពុងរស់នៅលើមាតុភូមិមួយដែលពោរពេញ ដោយសន្តិភាព សុខដុមរមនា និងការអភិឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចតេជោ»៕