(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យកម្ពុជា ប្រែក្លាយឋានៈរបស់ខ្លួនពីប្រទេសមានចំណូលទាប ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងបោះជំហានយ៉ាងស្វាហាប់ និងជឿជាក់ទៅសម្រេចឱ្យបានជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ នឹងទៅជាប្រទេស ដែលមានចំណូលខ្ពស់នៅ២០៥០។
រដ្ឋមន្ត្រី វង សូត បានលើកឡើងបែបនេះ ខណៈលោកចូលរួមជាអធិបតីភាព នៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការពិនិត្យ និងកែសម្រួលលើ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីគ្រប់មន្ទីររាជធានី-ខេត្តទាំងអស់ផងដែរ ។
លោករដ្ឋមន្រ្តី បានបន្តថា សេចក្តីព្រាងនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល នឹងផ្ដល់ឱកាសឲ្យមានការ ពិភាក្សា ការផ្លាស់ប្ដូរយោបល់ក្នុងចំណោមតួអង្គទាំងអស់ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីពិនិត្យកែសម្រួល និងស្វែងរកឯកភាពគ្នា លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយ ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែក ដល់ការអភិវឌ្ឍនិងគាំទ្រធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។
ជាមួយគ្នានោះ ដើម្បីរួមចំណែកឲ្យសម្រេចបានគោលបំណងប្រាថ្នា ទៅលើចក្ខុវិស័យខាងលើក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០១៩-២០២៣ ដែលជាឯកសារ ដ៏សំខាន់ មួយបង្ហាញដោយលំអិត នៅក្នុងកម្ម វិធីអនុកម្មវិធីនិងសកម្មភាពសំខាន់ៗដែលរៀបចំប្រឹងប្រែងអនុវត្តរួមគ្នា ក្នុងស្មារតីទទួលខុសត្រូវដោយអង្គភាព ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនិងអ្នកដែលមានបំណងពាក់ព័ន្ធសំដៅធ្វើឱ្យសម្រេចបាននូវបណ្ដាចំណុចជាអាទិភាពរបស់ក្រសួងធានានូវសុខមាលភាពសង្គមប្រកបដោយ សុខដុមឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាជនគ្រប់ស្រទាប់ ចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាជនជាពិសេស ប្រជាជនក្រីក្រ ងាយរងគ្រោះ និងងាយរងគ្រោះ។
សូមបញ្ជាក់ថា សេចក្តីព្រាងនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ឆ្នាំ២០១៩-២០២៣ រៀបចំឡើងជា៧ជំពូក ដែលចែងអំពីទិដ្ឋភាពផ្សេងៗគ្នាប៉ុន្តែមានភាពប្រទាក់ក្រឡាគ្នា៕