(ព្រះសីហនុ)៖ ជនជាតិចិនចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀនដ៏សកម្ម និងមានកាំភ្លើងខ្លីជាប់ខ្លួននោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ចុះបង្ក្រាបបានជាក់ស្ដែងនៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
យោងតាមប្រភពព័ត៌មាន ដែលភ្នាក់ងារ Fresh News ទទួលបាននៅព្រឹកនេះ ជនជាតិចិនទាំង៥នាក់ រួមជាមួយថ្នាំញៀន និងកាភ្លើងខ្លីនោះ កំពុងស្ថិតក្រោមការសួរនាំ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ ជុំវិញប្រតិបត្តិការនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់លម្អិត អំពីប្រតិបត្តិការនេះនៅឡើយទេ៕