(កំពង់ស្ពឺ)៖ លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានតំណាងឲ្យសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ផ្តល់ជំនួយថវិកាចំនួន២៥,០០០ដុល្លារ ដល់សាលារៀន ហួរ ខៀវ នៃសមាគម ខ្មែរ-ចិន ខេត្តកំពង់ស្ពឺ សម្រាប់សាងសង់អគារសាលប្រជុំ និងអគារស្នាក់នៅសម្រាប់គ្រូបង្រៀន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកឧកញ៉ា Zheng Mianfa អនុប្រធានប្រតិបត្តិ និងជាប្រធាននាយកដ្ឋានអប់រំវប្បធម៌នៃសមាគមខ្មែរ-ចិននៅកម្ពុជា, លោក Chen Tingwei ទីប្រឹក្សានៃសមាគមខ្មែរ-ចិននៅកម្ពុជា, លោក Lu Wenzhi អភិបាលប្រតិបត្តិ នៃសមាគមខ្មែរ-ចិននៅកម្ពុជា, លោក Zhong Yaohui លេខាធិការប្រតិបត្តិនៃសមាគមខ្មែរ-ចិននៅកម្ពុជា, លោក Wu Junmao ប្រធានសមាគម ខ្មែរ-ចិន ខេត្តកំពង់ស្ពឺ, លោកស្រី Huang Meifen អគ្គលេខាធិការ និងប្រធានក្រុម នៃក្រុមអប់រំវប្បធម៌នៃសមាគមនិកាយចិន ហុកគៀនកម្ពុជា, លោក Huang Kejin ប្រធានប្រតិបត្តិ នៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា, លោក Ruan Bin នាយកប្រតិបត្តិរងនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រួមជាមួយគ្រូបង្រៀន ក៏ដូចជាសិស្សានុសិស្សនៃសាលារៀន ហួរ ខៀវ។
ការផ្តល់ជំនួយជាថវិកាចូលរួមដោះស្រាយបញ្ហាហិរញ្ញវត្ថុនៃសាលារៀន ហួរ ខៀវ តាមការឲ្យដឹងថា បច្ចុប្បន្ននេះសាលារៀន ហួរ ខៀវ ក្នុងខេត្តកំពង់ស្ពឺ មានសិស្សចំនួនជាង១,០០០នាក់។ ជាមួយនឹងការកើនឡើងជាបន្តបន្ទាប់ នៃចំនួនសិស្ស និងការពង្រីកវិសាលភាពនៃគ្រូបង្រៀន បរិក្ខាដែលពាក់ព័ន្ធ មិនអាចបំពេញតាមតម្រូវការនៃការអភិវឌ្ឍ នៃសាលារៀនបានដែលតម្រូវឲ្យមានការសាងសង់ពង្រីកសាលាជាបន្ទាន់។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍខាងវិស័យអប់រំ និងលើកកម្ពស់លក្ខខណ្ឌ នៃការស្នាក់នៅសម្រាប់គ្រូបង្រៀន សមាគម ខ្មែរ-ចិននៅកម្ពុជា ប្រចាំខេត្តកំពង់ស្ពឺ និងគណៈកម្មាធិការប្រមូលមូលនិធិកសាងសាលារៀន បានរួមគ្នាសម្រេចសាងសង់សាលប្រជុំធំ និងអគារស្នាក់នៅសម្រាប់គ្រូបង្រៀន ដើម្បីលើកកម្ពស់ការអភិវឌ្ឍរយៈពេលវែងរបស់សាលា។
ប្លង់គំរូសាលប្រជុំរបស់សាលារៀន ហួរ ខៀវ នៃសមាគម ខ្មែរ-ចិន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នគម្រោងបានសម្រចត្រឹមតែ ៧០%ប៉ុណ្ណោះ ដោយសារតែកង្វះខាតថវិកា ហើយខណៈពេលដែលសាលាកំពុងប្រឈមមុខនឹងការបិទការដ្ឋាននោះ សាលាបានទទួលថវិកាឧបត្ថម្ភចំនួន ២៥,០០០ដុល្លារ ពីសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលជួយធានាឲ្យការដ្ឋានសាងសង់នៃសាលារៀន ហួរ ខៀវ ក្នុងខេត្តកំពង់ស្ពឺ អាចដំណើរការទៅបានដោយរលូន ក៏ដូចជាចូលរួមគាំទ្រការអភិវឌ្ឍរយៈពេលវែងក្នុងការអប់រំភាសាចិននៅកម្ពុជា។
គាំទ្រការអប់រំភាសាចិន និងផ្សព្វផ្សាយនូវវប្បធម៌ចិន នៅក្នុងកម្មពិធីនេះ លោកឧកញ៉ា Zheng Mianfa អនុប្រធានប្រតិបត្តិ និងជាប្រធាននាយកដ្ឋានអប់រំវប្បធម៌ នៃសមាគមខ្មែរ-ចិននៅកម្ពុជា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដោយមិនគិតពីការតបស្នង របស់សមាគមមិត្តភាពសភាពាណិជ្ជចិន ហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត។
លោកបានបញ្ជាក់ទៀតថា នេះមិនមែនជាលើកទី១ទេ ដែលលោកប្រធាន ឈីវ បានផ្ដល់ជាជំនួយដល់សាលារៀនចិន ហើយលោកតែងតែព្យាយាម ចូលរួមក្នុងគ្រប់សកម្មភាព នៃការផ្ដល់ជំនួយដល់សាលារៀនចិនទាំងអស់ ដែលយើងតែងឃើញមានវត្តមានរបស់លោកនៅក្នុងពិធីផ្តល់ជំនួយនានា។
សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត តែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍ សាលារៀនភាសាចិន និងគាំទ្រដល់ការអប់រំរបស់ចិន ដែលឆ្លុះបញ្ចាំងពីទំនួលខុសត្រូវនៃសហគ្រាសគំរូមួយនេះ។
ជាមួយគ្នានេះ លោកឧកញ៉ា Zheng Mianfa អនុប្រធានប្រតិបត្តិ និងជាប្រធាននាយកដ្ឋានអប់រំវប្បធម៌ នៃសមាគមខ្មែរ-ចិននៅកម្ពុជា បានថ្លែងថា
ការអភិវឌ្ឍនៃការអប់រំភាសាចិន បានជួបប្រទះឧបសគ្គជាច្រើន ចាប់ពីមានការរីកចម្រើនយ៉ាងខ្លាំងដល់ថ្នាក់ប្រឈមនឹងការបិទទ្វារ រហូតដល់ការបើកប្រតិបត្តិការសាជាថ្មីឡើងវិញ ហើយតាមរយៈការដឹកនាំនៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយផ្លូវមួយ» និងទំនាក់ទំនងទ្វេភាគី រវាងប្រជាជនកម្ពុជា-ចិន «សហគមន៍រួមវាសនា» យើងទទួលបាននូវឱកាសអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។
លោកប្រធាន ឈីវ គួរស៊ីញ បានបញ្ជាក់ថា ឆ្នាំនេះគឺជាគម្រប់ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ហើយប្រទេសចិន បានក្លាយទៅជាប្រភពវិនិយោគទុនដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជា ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏កាន់តែជិតស្និតឡើងៗ ចាប់ពីកិច្ចចរចាទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ រហូតដល់ទំនាក់ទំនងរវាងសហគ្រាស និងប្រជាជនទាំងពីរប្រទេស។
ចំណែកឯតម្រូវការ នៃធនធានមនុស្សដែលមានទេពកោសល្យទាំងភាសាខ្មែរ និងភាសាចិន ក៏កាន់តែកើនឡើងជាលំដាប់។ លោកថា នឹងគាំទ្រយ៉ាងពេញទំហឹង ក្នុងការអប់រំភាសាចិននៅក្នុងប្រទេសកម្ពុជា ដោយធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានទេពកោសល្យនិយាយទាំងពីរភាសាឲ្យបានកាន់តែច្រើនឡើង និងប្រសើរឡើង ក៏ដូចជារួមចំណែកក្នុងការកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខផងដែរ។
លោកសង្ឃឹមថា សាលារៀនអប់រំភាសាចិន នឹងបន្តការរីកចម្រើន និងជួយលើកកម្ពស់វប្បធម៌ចិន និងសង្ឃឹមថាសិស្សានុសិស្សទាំងអស់ នឹងខិតខំប្រឹងប្រែង សម្រេចនូវក្តីសុបិន្តរបស់ខ្លួន និងក្លាយជាអ្នកនាំសារនៃមិត្តភាពកម្ពុជា-ចិន។
បន្ថែមពីនេះ លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានគូសបញ្ជាក់ថា ទំពាំងស្នងឬស្សី កុមារជាសសរទ្រូងនៃការអភិវឌ្ឍន៍សង្គម។ ជំនួយថវិកានេះ មិនត្រឹមតែជាជំនួយនោះទេ ប៉ុន្តែជាការបង្កើតបរិយាកាសសិក្សាដ៏ល្អមួយ សម្រាប់សិស្សានុសិស្សតែម្តង។
សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត មានឆន្ទៈធ្វើជាអ្នកនាំសារ នៃការផ្សព្វផ្សាយ វប្បធម៌ ប្រពៃណីចិន និងបានគាំទ្រយ៉ាងសកម្មក្នុងការផ្ដល់ជំនួយដល់សាលារៀនចិនគ្រប់ទិដ្ឋភាព ចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃការអប់រំភាសាចិន និងរួមចំណែកយ៉ាងសកម្ម ក្នុងការសហការកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន៕