(កំពង់ស្ពឺ)៖ បន្ទាប់ពីមើលឃើញការលំបាក របស់សិស្សានុសិស្សចំពោះការខ្វះអាគារសិក្សា ក្រុមហ៊ុន JCRI បានប្រគល់ជូនអាគារសិក្សាមួយខ្នងមាន២បន្ទប់ជូនដល់ អនុវិទ្យាល័យព្រះពុទ្ធមានសិរី ក្នុងខេត្តកំពង់ស្ពឺ។
បន្ទាប់ពីបញ្ចប់ការសាងសងជាស្ថាពរក្រុមហ៊ុន JCRI និងបានសហការជាមួយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអគារសិក្សាមួយខ្នង ដល់អនុវិទ្យាល័យព្រះពុទ្ធមានសិរី ដែលស្ថិតនៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការផ្ដល់ជូនអាគារសិក្សានេះ ជាការរួមចំណែកមួយរបស់ក្រុមហ៊ុន JCRI ដល់ប្អូនៗសិស្សានុសិស្ស ដើម្បីឲ្យពួកគាត់មាន អាគារសិក្សាល្អ, មានសុវត្តិភាព និងផាសុខភាព។ ទោះបីអគារសិក្សា១ខ្នងនេះតូច ប៉ុន្ដែបានរួមចំណែកយ៉ាងច្រើន ដល់ប្អូនៗសិស្សានុសិស្ស។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសំដែងសេចក្ដីសប្បាយចិត្ត និងរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន JCRI ដែលបានសាងសងអាគារសិក្សា១ខ្នង ជូនដល់អនុវិទ្យាល័យព្រះពុទ្ធមានសិរី។ លោកថា ការសាងសងអាគារសិក្សានេះ នឹងរួមចំណែកយ៉ាងច្រើនជូនដល់សង្គមជាតិ ជាពិសេសដល់សិស្សានុសិស្ស ដើម្បីបន្ដការសិក្សាក្លាយទៅ ជាទំពាំងស្នងឬស្សីនាពេលអនាគត។
ក្នុងនោះក៏មានការរួមចំណែកពីក្រុមហ៊ុន G Park ជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់អន្ដរជាតិ មានរូបមន្ដពីប្រទេសកូរ៉េ តែងតែជួយដល់ទុរគតជនគ្មានទីពឹង វិស័យកីឡាព្រមទាំងវិស័យជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងកាលពី ឆ្នាំ២០១៧កន្លងទោនេះក្រុមហ៊ុន G Park បានសហការរួមគ្នារៀបចំតន្រ្ដីសប្បុរសធម៌ ដើម្បីប្រមូលថវិការយកមកជួយដល់ អ្នកគ្មានទីពឹង, កុមារកំព្រា, ជនចាស់ជរា និងអ្នកជួបបញ្ហាផ្សេងៗជាដើម។
ជាក់ស្ដែងអគារសិក្សាមួយខ្នង ដែលបានផ្ដល់ជូនដល់អនុវិទ្យាល័យ ព្រះពុទ្ធមានសិរីក្នុងខេត្តកំពង់ស្ពឺនេះ ក៏មានការរួមចំណែកយ៉ាងធំធេងពីក្រុមហ៊ុន G Park នេះផងដែរ៕