(ភ្នំពេញ)៖ គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី នឹងអញ្ជើញទៅចូលរួមសន្និសីទពិភពលោកនៃសមាជិកសភាស្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសភាវេសមិនស្ទើ (Westminster) ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយផ្តោតលើប្រធានបទស្តីពី «ការពង្រឹងទស្សនៈវិស័យ ឆ្ពោះទៅរកការផ្លាស់ប្តូរស្ថានភាពស្រ្តី»។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងនៅថៃ្ងទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ការអញ្ជើញចូលរួមសន្និសីទពិភពលោករបស់គណៈប្រតិភូកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី ផេននី ម៉ដូន(Penny Mordaunt) អនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ និងជារដ្ឋមន្ត្រីក្រសួងស្រ្តី និងសមភាព និងលោកស្រី ហារៀត ហាមាន់ (Harriet Harman) សមាជិកសភាប្រចាំតំបន់ Camberwell and Peckham និងជាព្រឹទ្ធសមាជិក នៃរដ្ឋសភាចក្រភពអង់គ្លេស តាមរយៈស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។
សន្និសីទពិភពលោកនេះ នឹងរៀបចំខួប១០០ឆ្នាំ ដែលស្រ្តីនៅចក្រភពអង់គ្លេស មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតលើកដំបូងនាឆ្នាំ១៩១៨ ហើយដែលមានគោលដៅផ្តល់ឱកាសដល់ស្រ្តីអង់គ្លេស និងស្រ្តីទាំងឡាយ បានចូលរួមកាន់តែច្រើនក្នុងវិស័យនយោបាយ។
សន្និសីទពិភពលោកនេះ មានរៀបចំកិច្ចប្រជុំពិភាក្សាជាក្រុមចំនួន ៤គឺ៖
១៖ កិច្ចប្រជុំស្តីពីការផ្តល់ភាពអង់អាចដល់ស្រ្តីជាថ្នាក់ដឹកនាំ។
២៖ កិច្ចប្រជុំស្តីពីការលើកកំពស់ភាពអង់អាច និងស្រ្តីជាអ្នកដឹកនាំក្នុងវិស័យសេដ្ឋកិច្ច។
៣៖ កិច្ចប្រជុំស្តីពីការធ្វើយ៉ាងណាឲ្យស្រ្តីកាន់តែច្រើន ចង់ចូលធ្វើជាសមាជិកសភា។
៤៖ កិច្ចប្រជុំស្តីពីការបញ្ចប់អំពើហឹង្សា រំលោភបំពានលើស្រ្តី តាមប្រព័ន្ធអ៊ីនធើណែត។
កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសឱ្យស្រ្តីមកពីទ្វីបផ្សេងៗ បានផ្តាស់ប្តូរយោបល់ ព័ត៌មាន បទពិសោធន៍ ពិសេសការនាំមកជូនអង្គប្រជុំនូវសមិទ្ធផលដែលប្រទេសនីមួយៗសម្រេចបាន។ សមភាពយេនឌ័រក្លាយជាប្រធានបទយ៉ាងសំខាន់ ដូចមានចែងក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព គោលដៅទី៥ ក្នុងចំណោមគោលដៅទាំង១៧ ដែលមានគោលដៅចំបងគឺ «មិនទុកអ្នកណាម្នាក់ចោល (Leaving no one behind)»។
តាមសេចក្តីប្រកាសព័ត៌មានដដែល គណៈប្រតិភូសភាស្រ្តីនៃសន្និសីទពិភពលោកនេះ នឹងត្រូវបានទទួលលៀងសាយភោជន៍ ដោយលោកស្រីនាយករដ្ឋមន្រ្តី នៃចក្រភពអង់គ្លេស។ ក្រៅពីនេះ លោកស្រី ឃួន សុដារី គ្រោងនឹងជួបពិភាក្សាជាមួយសភាស្រ្តី នៃបណ្តាប្រទេសផ្សេងៗ ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុងគោលដៅដែលជាផលប្រយោជន៍រួមផងដែរ៕