(ភ្នំពេញ)៖ សហព័ន្ធអារ៉ាប់រួម បានបង្ហាញឆន្ទៈចង់ជួយអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការវិនិយោគលើវិស័យឧស្ម័ន និងអនុញ្ញាតឲ្យកម្ពុជានាំទំនិញរបស់ខ្លួនមកចែកចាយលើទីផ្សារដោយមិនបាច់បង់ប្រាក់មុនក្នុងតម្លៃប្រមាណ ៥០០លានដុល្លារអាមេរិក។
ការបង្ហាញឆន្ទៈនេះបានធ្វើឡើងតាមរយៈព្រះអង្គម្ចាស់ Amed Dalmook Al Maktuom សមាជិករាជវង្សសហព័ន្ធអារ៉ាប់រួម ក្នុងពេលព្រះអង្គយាងចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា «ព្រះអង្គបានជម្រាបជូនសម្តេចតេជោថា ព្រះអង្គមានបំណងចង់ចូលរួមក្នុងការអភិវឌ្ឍកម្ពុជា តាមការចាប់ផ្តើមទំនាក់ទំនង និងការដាក់ទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គម្ចាស់ បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគទៅលើឧស្ម័ន ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ»។
ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុនេះ ព្រះអង្គម្ចាស់ Amed Dalmook Al Maktuom បានគូសបញ្ជាក់ថា សហព័ន្ធអារ៉ាប់អនុញ្ញាតឲ្យកម្ពុជា អាចនាំទំនិញរបស់អារ៉ាប់មកចែកចាយលើទីផ្សារដោយមិនបាច់បង់ប្រាក់មុនក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក ហើយពេលលក់ទំនិញបានចាំទូទាត់ប្រាក់សងជាក្រោយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ាង សុផល្លែត។
ព្រះអង្គម្ចាស់ Amed Dalmook Al Maktuom ក៏បានបង្ហាញពីការពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យផ្សេងៗទៀតផងដែរ។ ក្នុងជំនួបពិភាក្សានេះព្រះអង្គម្ចាស់មកពីសហព័ន្ធអារ៉ាប់រួម ក៏បានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធអារ៉ាប់រួមផងដែរ។
ជាការឆ្លើយតបសម្តេចតេជោ បានថ្លែងអំណរគុណព្រះអង្គម្ចាស់ និងប្រជាជន ក៏ដូចជាសហព័ន្ធអារ៉ាប់រួម ដែលកន្លងមកបានជួយដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស ការកសាងមជ្ឈមណ្ឌលកុមារកំព្រា ដែលកុមារកំព្រាទាំងនោះ បានរងគ្រោះបាត់បង់ឪពុកម្តាយ។
ពាក់ព័ន្ធការវិនិយោគទៅលើវិស័យឧស្ម័ន សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ ហើយបញ្ជាក់ថា ការវិនិយោគលើវិស័យឧស្ម័ននេះ គឺជាការរួមចំណែកកាត់បន្ថយការកាប់ឈើធ្វើអុសដុត ហើយក៏ជួយក្នុងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ព្រះអង្គម្ចាស់ផងដែរ ចំពោះការផ្តល់នូវប្រាក់ Credit Line (ទំហំកំណត់ឥណទាន) ចំនួន ៥០០លានដុល្លារ សម្រាប់នាំទំនិញចូលមកពីសហព័ន្ធអារ៉ាប់រួម។ ពាក់ព័ន្ធបញ្ហានេះសម្តេចតេជោ បានណែនាំឲ្យពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្វែងរកយន្តការណាមួយក្នុងការចាប់ផ្តើម និងប្រើប្រាស់ថវិកានេះ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះការអញ្ជើញសម្តេច ទៅធ្វើទស្សនកិច្ចនៅសហព័ន្ធអារ៉ាប់រួម។ សម្តេចបានមានប្រសាសន៍ថា សម្តេចនឹងពិនិត្យមើលពេលវេលាដ៏សមស្របមួយទៅធ្វើទស្សនកិច្ចនៅអារ៉ាប់រួម៕