នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីខួបឯករាជ្យជាតិ ០៩ វិច្ឆិកា លើកទី៦៥
06-11-2018 09:00
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិ ០៩វិច្ឆិកា លើកទី៦៥។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្សបានថ្លែងថា ពិធីបុណ្យឯករាជ្យនៅឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងធំជាងបណ្ដាឆ្នាំកន្លងទៅ ដូច្នេះកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវមានផែនការការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់ឲ្យបានច្បាស់លាស់។
បុណ្យខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ គឺជាទិវាប្រវត្តិសាស្ត្រ ដែលកម្លាំងសាមគ្គីជាតិទាំងមូល ដណ្ដើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ៕